
ការដាក់បន្លាលួសព័ទ្ធយកដី និងគំរាមបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិដ្ឋាន នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពដ៏គឃ្លើននេះ បាននិងកំពុងស្ថិតក្រោមក្រសែរភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិក Donald Trump នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។
នៅពេលដែលអ្នកភូមិចេញតវ៉ា ដើម្បីការពារផ្ទះសម្បែង និងដីធ្លីដែលពួកគេធ្លាប់អាស្រ័យផលជាច្រើនទសវត្សរ៍មកហើយនោះ អាជ្ញាធរថៃបែរជាខំកាឡៃ ដើម្បីបំភាន់ភ្នែកសហគមន៍អន្តរជាតិថា កម្ពុជាប្រើប្រាស់ កុមារ ស្ត្រី និងមនុស្សចាស់ធ្វើជាខែលទៅវិញ។ ប៉ុន្តែ គ្មានអ្នកណាឆោតល្ងង់រហូតដល់ជឿពាក្យសម្តីរបស់អាជ្ញាធរថៃនោះឡើយ ពីព្រោះរឿងរ៉ាវត្រូវបានបើកកកាយអស់ហើយនៅចំពោះមុខ និងក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាក្រុមអង្កេតការណ៍បណ្តោះអាសន្ន (IOT) និងអង្គទូតនានា។
សំណួរសួរថា ប្រសិនបើថៃអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន ចុះហេតុអ្វីបានជាថៃទើបមកធ្វើសកម្មភាព ដាក់បន្លាលួស នៅពេលអនុវត្តបទឈប់បាញ់? សកម្មភាពនេះពិតជាបានបង្ហាញពីអំពើរំលោភបំពានធំៗ ២៖ ទី(១) គឺជាការបំពានយ៉ាងកម្រោល និងជាចំហនូវបទឈប់បាញ់ពីសំណាក់ភាគីថៃ ពីព្រោះក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់តម្រូវឱ្យ ភាគីទាំងសងខាងរក្សាស្ថានភាពដដែល និង ទី(២) គឺជាសកម្មភាពរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងសាហាវ ដែលគ្មានអ្នកណាអាចទទួលយកបានឡើយ។ ដូច្នេះ បើថៃពិតជាហ៊ានបណ្តេញប្រជាពលរដ្ឋខ្មែរចេញទាំងបង្ខំមែន ប្រទេសនេះនឹងទទួលរងនូវការថ្កោលទោសជាអន្តរជាតិយ៉ាងខ្លាំងក្លាជាក់ជាមិនខាន។
ក្រៅពីនេះ នៅសល់សំណុំរឿងចាប់ខ្លួនទាហានខ្មែរ ១៨ នាក់ ដោយខុសច្បាប់យកទៅឃុំដោយមិនព្រមដោះលែង ក៏ជាសកម្មភាពបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរមួយទៀតផងដែរ។ នេះនៅមិនទាន់រាប់ការប្រើយន្តហោះទម្លាក់គ្រាប់បែកចង្កោម ការបាញ់ផ្សែងពុល ការបំផ្លាញប្រាសាទ និងទីសក្ការៈ មកលើកងទ័ព និងប្រជាជនស្លូតត្រង់ខ្មែរផងនោះទេ។ សកម្មភាពទាំងអស់នេះបង្ហាញថា ថៃគឺជារដ្ឋបំពានសិទ្ធិមនុស្ស បំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងឃោរឃៅបំផុត។
ឥឡូវនេះ គេរង់ចាំមើលថា តើប្រទេសនេះពិតជានៅតែគឃ្លើនបង្ហាញសកម្មភាពបំពានមកលើប្រជាពលរដ្ឋ ខ្មែរតាមរយៈការបណ្តេញអ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ ចេញពីផ្ទះសម្បែងដោយបង្ខំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៥ ទៅតាមគម្រោងរបស់ពួកគេ ឬយ៉ាងណា? ប្រសិនបើរឿងនេះ ពិតជាកើតមានមែន ហើយប្រសិនបើថៃហ៊ានប្រើច្បាប់របស់ខ្លួនមកលើប្រជាពលរដ្ឋខ្មែរនៅក្នុងទឹកដីខ្មែរពិតប្រាកដមែន នោះសហគមន៍អន្តរជាតិច្បាស់ជាមិនអាចចៀសផុតពីការដាក់បញ្ចូលប្រទេសនេះទៅក្នុងបញ្ជីនៃរដ្ឋភេរវកម្មនោះឡើយ៕ ដោយ៖ ឡេង សំរិទ្ធ សាស្ត្រាចារ្យប្រវត្តិសាស្ត្រ៊ និងវិទ្យាសាស្ត្រសង្គម


