2025-12-29 22:33
53

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ បានប្រកាសបដិសេធចោទប្រកាន់របស់ភាគីថៃ ថា មានយានគ្មានមនុស្សបើក (UAV) ជាង ២៥០ គ្រឿងហោះចេញពីកម្ពុជាចូលទៅក្នុងដែនអធិបតេយ្យរបស់ថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់នេះ និងបញ្ជាក់ថា កងកម្លាំងកម្ពុជាប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងពេញលេញសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពផ្សេងទៀត ដែលមានគោលបំណងសំរាប់ការវិលត្រឡប់ទៅរកស្ថិរភាព សន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាសូមធ្វើការបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា ខ្លួនរកឃើញយានគ្មានមនុស្សបើក (UAV) ជាង ២៥០ គ្រឿង ហោះចេញពីកម្ពុជាចូលមករំលោភក្នុងដែនអធិបតេយ្យរបស់ថៃ។ 

ក្រសួងការពារជាតិកម្ពុជា ច្រានចោលចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាទាំងស្រុង។ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ព្រមទាំងរដ្ឋបាលខេត្តជាពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចេញសេចក្តីណែនាំ ពង្រឹង និងហាមឃាត់មិនឱ្យធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការបង្ហោះដ្រូននេះកើតឡើងឡើយ៕