2025-12-29 15:20
8

យូណាន៖ រដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ នៃប្រទេសចិន កម្ពុជា និងថៃ បានឯកភាពគ្នាពង្រឹងការអនុវត្តបទឈប់បាញ់ និងជំរុញដំណើរការសន្តិភាពយូរអង្វែង តាមរយៈកិច្ចប្រជុំត្រីភាគី ដែលបានធ្វើឡើងនៅថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០២៥ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

តាមសេចក្តីប្រកាសព័ត៌មានរួម ភាគីចិនបានស្វាគមន៍សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយចាត់ទុកថា ជាឯកសារដែលបម្រើផលប្រយោជន៍មូលដ្ឋាន និងយូរអង្វែងរបស់ប្រជាជនប្រទេសទាំងពីរ ហើយជាសញ្ញាវិជ្ជមានសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ក្នុងកិច្ចពិភាក្សា ភាគីទាំងបីបានគូសបញ្ជាក់ថា អាទិភាពបន្ទាន់បំផុត គឺការពង្រឹងបទឈប់បាញ់ និងធានាឱ្យមានការអនុវត្តពេញលេញ និងមានប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម។ ប្រទេសចិនបានបង្ហាញឆន្ទៈក្នុងការផ្តល់ការគាំទ្រចាំបាច់ទាំងអស់ ដើម្បីជួយកម្ពុជា និងថៃ ឱ្យបទឈប់បាញ់មានលក្ខណៈទូលំទូលាយ និងយូរអង្វែង រួមទាំងការគាំទ្រដល់គណៈកម្មការព្រំដែនរួម (JBC) ការដោះមីនមនុស្សធម៌ និងការគាំទ្រក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យអនុវត្តភារកិច្ចបានប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ភាគីទាំងបីបានឯកភាពថា ជំហានបន្ទាប់ គឺការស្តារឡើងវិញនូវការទំនាក់ទំនងធម្មតា និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រួមទាំងការជួយស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសនៅតំបន់ព្រំដែន។ ប្រទេសចិន បានប្រកាសត្រៀមផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងផលប៉ះពាល់។

កិច្ចប្រជុំក៏បានផ្តោតលើការកសាងទំនុកចិត្តនយោបាយឡើងវិញ រវាងកម្ពុជា និងថៃ តាមរយៈបណ្តាញការទូត និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ដោយភាគីទាំងពីរបានបង្ហាញចេតនាក្នុងការបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិកមេគង្គ-ឡាងឆាង លើកទី៥ ដែលគ្រោងនឹងរៀបចំនៅប្រទេសថៃ នៅពេលសមស្រប។

សម្រាប់រយៈពេលវែង ប្រទេសចិនបានលើកទឹកចិត្តឱ្យកម្ពុជា និងថៃ បង្កើតលក្ខខណ្ឌសម្រាប់ការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ជាដំណាក់កាល ហើយត្រៀមផ្តល់វេទិកា និងតួនាទីស្ថាបនា ដើម្បីជួយសម្របសម្រួលការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។

ភាគីទាំងបីក៏បានបញ្ជាក់ការប្តេជ្ញាចិត្តរួម ក្នុងការការពារស្ថិរភាពក្នុងតំបន់ ដោយដោះស្រាយវិវាទតាមមធ្យោបាយសន្តិវិធី ស្របតាមលិខិតធម្មនុញ្ញអង្គការសហប្រជាជាតិ លិខិតធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ព្រមទាំងបង្កើនកិច្ចសហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកតាមអនឡាញ និងទូរគមនាគមន៍។

កម្ពុជា និងថៃ បានថ្លែងអំណរគុណចំពោះប្រទេសចិន ចំពោះតួនាទីសកម្ម និងស្ថាបនា ក្នុងការជំរុញការសន្ទនា និងការកសាងទំនុកចិត្តឡើងវិញ ដោយចិនបានបញ្ជាក់ថា នឹងបន្តដើរតួនាទីវិជ្ជមាន តាមវិធីសាស្ត្រអាស៊ី ដើម្បីជួយឱ្យកម្ពុជា និងថៃ សម្រេចបានសន្តិភាពយូរអង្វែង និងរួមចំណែកដល់ការកសាងសហគមន៍វាសនារួមជាមួយប្រទេសជិតខាង៕