2025-12-29 14:26
5

ព្រំដែន៖ បន្ទាប់ពីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម និងចូលជាធរមាននៅវេលាម៉ោង ១២និង០០នាទី ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់វេលាម៉ោង ១២និង០០ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល ៤៨ ម៉ោងហើយ ស្ថានការណ៍នៅជួរមុខ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ មានសភាពស្ងប់ស្ងាត់។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ។

ក្រសួងការពារជាតិបានបន្ថែមថា ជាមួយនឹងស្ថានការណ៍ស្ងប់ស្ងាត់នេះ កងកម្លាំងរបស់យើងបាននឹងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់។

សូមជម្រាបថា យោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង លោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះ គិតចាប់ពីម៉ោង ១២និង០០ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់ បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀត។ 

សូមបញ្ជាក់ថា បន្ទាប់ពីបទឈប់បាញ់បន្ទាន់ត្រូវបានគោរពយ៉ាងពេញលេង ក្នុងរយៈពេល ៧២ ម៉ោង យោធិនកម្ពុជា ចំនួន ១៨ រូប នឹងត្រូវបានដោះលេងបញ្ជូនត្រឡប់មកកម្ពុជាវិញ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕