2025-12-29 19:05
4

យូណាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានគូសបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគី នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ គឺទទួលបានជោគជ័យយ៉ាងច្រើន និងបញ្ជាក់យ៉ាងច្បាស់ថា “គ្មានភាគីណាមួយចង់បានសង្គ្រាមឡើយ”។

ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ភាគីពាក់ព័ន្ធទាំងអស់មានជំហរដូចគ្នា មិនអាចអនុញ្ញាតឱ្យសភាពការណ៍វិលត្រឡប់ថយក្រោយទៅរកសង្គ្រាមវិញបានឡើយ ហើយអាទិភាពសំខាន់បំផុត គឺការធ្វើឱ្យបទឈប់បាញ់ឋិតថេរ រឹងមាំ និងត្រូវបានគោរពអនុវត្តយ៉ាងពេញលេញ។

លោកបានបញ្ជាក់ថា “ការរក្សាបទឈប់បាញ់ឱ្យមានស្ថិរភាព នឹងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងផ្សេងៗ ដែលភាគីទាំងអស់បានព្រមព្រៀងគ្នារួចហើយ ព្រមទាំងជួយបន្ថយហានិភ័យនៃឧប្បត្តិហេតុដែលអាចប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់”។

នៅក្នុងកិច្ចប្រជុំត្រីភាគីនោះ លោក ប្រាក់ សុខុន បានជម្រាបជូនដល់ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ អំពីការតាំងចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការអនុវត្តអ្វីដែលបានសម្រេចរួម ជាពិសេសការរក្សាបទឈប់បាញ់ និងការចៀសវាងសកម្មភាពណាមួយដែលអាចបង្កការខូចខាត ឬប៉ះពាល់ដល់កិច្ចព្រមព្រៀងនេះ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកសារៈសំខាន់នៃការបើកមាគ៌ាទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធឱ្យមានភាពជាប់ជាប្រចាំ ដើម្បីធានាថា ប្រសិនបើមានព្រឹត្តិការណ៍ ឬបញ្ហាណាមួយកើតឡើង ភាគីទាំងអស់អាចនិយាយគ្នា ដោះស្រាយ និងស៊ើបអង្កេតរួមគ្នាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសន្និដ្ឋានថា លទ្ធផលនៃកិច្ចប្រជុំនៅយូណាន សម្របសម្រួលឱ្យមានការយល់ច្បាស់ និងជំនឿចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំង ជាជំហានសំខាន់មួយក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសពាក់ព័ន្ធ៕