2025-12-29 12:42
3

បាត់ដំបង៖ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុក ចំនួន ០៥ រួមមាន សំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបាណន់ បើកដំណើរការបង្រៀន និងរៀនឡើងវិញ។ នេះបើតាមសេចក្ដីណែនាំរបស់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៩ ខែធ្នូនេះ។
មន្ទីរអប់រំខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយសភាពការណ៍ព្រំដែនមានភាព ប្រសើរឡើងក្រោយ កម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបាណន់ បើក ដំណើរការបង្រៀន និងរៀនឡើងវិញ ចាប់ពីថ្ងៃទី៣០ ខែធ្នូនេះ តទៅ។
មន្ទីរអប់រំបានប្រាប់ដល់គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សានៃស្រុកទាំង៥ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អនុវត្តរៀបចំសាលាប្រកបដោយស្មារតីទទួលខុសត្រូវ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ត្រូវត្រៀមខ្លួនចូលរៀនឡើងវិញឱ្យបានគ្រប់ៗគ្នា៕