2026-02-05 10:24
16

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានថ្លែងឱ្យដឹងថា ប្រតិបត្តិការបោសសម្អាតបណ្តាញឆបោកអនឡាញខ្នាតធំ ដែលលោកឱ្យឈ្មោះ ថា «XXL»  ត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦ ឱ្យបានស្អាតអស់តែម្តង។ ការប្រតិបត្តិនេះ មានគោលបំណងបង្ក្រាបបណ្តាញឆបោកឆ្លងដែន ការប្រើប្រាស់បច្ចេកវិទ្យាខុសច្បាប់ និងការលាងលុយតាមអនឡាញ ដើម្បីការពារសាធារណៈ និងសន្ដិសុខឌីជីថលរបស់ប្រជាជន។

តាមការបញ្ជាក់អ្នកនាំពាក្យបានឱ្យដឹងថា រដ្ឋបាលរាជធានី និងខេត្តទាំងអស់ មានភារកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងសហការជាមួយកម្លាំងសន្តិសុខផ្សេងៗ រួមមាន នគរបាលខេត្ត អាវុធហត្ថ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាប់បោសសម្អាតបណ្តាញឆបោកតាមអនឡាញនៅតំបន់ខ្លួនឯងគ្រប់គ្រង។ 

ការអនុវត្តជាដាច់ខាតតែម្ដងបើសិនជាតាមរដ្ឋបាលរាជធានី-ខេត្តណាមួយត្រូវបានរកឃើញថាមានទីតាំងឆបោកតាមអនឡាញ អធិបាលរាជធានី-ខេត្ត នោះគឺត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋាភិបាល, ទទួលខុសត្រូវចំពោះមុខតំណែងរបស់ខ្លួន និងទទួលខុសត្រូវចំពោះមុខច្បាប់តែម្ដង នេះគឺជាបទបញ្ជាដាច់ខាតដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការបានដាក់ចេញឱ្យកម្លាំងដែលជាម្ចាស់ការរបស់រាជធានីខេត្ត រួមមានកងរាជធាវុធហត្ថ និងស្នងការនគរបាល។ ម្យ៉ាងវិញទៀត កម្លាំងក្រសួងមហាផ្ទៃ មានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការចាំជួយអន្តរាគមន៍។ 

លោក ទូច សុឃៈ បានបញ្ជាក់ថា ប្រតិបត្តិការនេះនឹងចែកជាពីរប្រភេទករណី៖ ទី១- ជនរងគ្រោះ អ្នកដែលត្រូវបានប្រើប្រាស់ ឬចោលឆបោក ត្រូវបានអនុគ្រោះ និងទំនាក់ទំនងតាមទូត ដើម្បីប្រគល់ទៅប្រទេសកំណើត និងទី២- ជនល្មើស អ្នកដែលធ្វើអំពើឆបោកយ៉ាងច្បាស់ និងទទួលបញ្ជាពីក្រៅប្រទេស នឹងត្រូវកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការផ្លូវច្បាប់។

តាមបទពិសោធន៍កន្លងមក ប្រហែល ៩០% នៃករណីជាជនរងគ្រោះ ខណៈ ១០% តែប៉ុណ្ណោះ ជាជនល្មើសដែលទទួលបញ្ជាពីមេខ្លោងមកពីក្រៅប្រទេស។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថា ប្រតិបត្តិការនេះនឹងអនុវត្តយ៉ាងតឹងរឹង តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងច្បាប់ជាតិ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខឌីជីថលក្នុងប្រទេស។

អ្នកនាំពាក្យបានបញ្ជាកថា កម្ពុជាមិនមែនទើបតែចាប់ផ្តើមបោសសម្អាត់បទល្មើសឆកបោកតាមអនឡាញនោះទេ គឺយើងបានធ្វើការបង្ក្រាបជាបន្តបន្ទាប់ គ្រប់គ្រងបានស្ថានការណ៍បានជាច្រើនគ្រាន់តែដល់ពេលចុងក្រោយមួយត្រូវបោសសម្អាតផ្តេចតែម្តង ដែលលោកហៅថា «ប្រតិបត្តិការ XXL បន្ទាត់ក្រហម» ត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដោយចាប់ផ្តើមពេលនេះតទៅ៕