ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយនិវត្តជនជាស្ដ្រី របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធានប្រតិបត្តិ អនុប្រធាន និងសមាជិក សមាជិការគណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា ពិធីសំណេះសំណាលនេះមានសារៈសំខាន់សម្រាប់ក្រសួងមហាផ្ទៃ ក៏ដូចជាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះនិវត្តជនដែលជាស្ត្រី។ បើទោះបីជាលោកស្រី ចូលនិវត្តន៍ក៏ដោយ ក្រសួង នៅតែផ្តល់តម្លៃ ព្រោះនិវត្តជនជាស្ដ្រីទាំងអស់ ជាឃ្លាំងចំណេះដឹង និងបទពិសោធ ជួយត្រួសត្រាយផ្លូវសម្រាប់មន្ត្រីជំនាន់ក្រោយ។
លោកស្រី ជូ ប៊ុនអេង ប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ បានលើកឡើងថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ត្រូវបានបង្កើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយបានប្ដូរឈ្មោះ ៤ដង តាមការវិវត្តសង្គម តាំងពីសមាគមនារីសង្គ្រោះជាតិ សមាគមនារីបដិវត្តន៍កម្ពុជា សមាគមនារីកម្ពុជា និងពីឆ្នាំ១៩៩៩ មកដល់បច្ចុប្បន្ន ជាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ សមាគមមានសាខាទូទាំងក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាញដល់មូលដ្ឋាន និងវិស័យឯកជន។
លោកស្រីប្រធានប្រតិបត្តិ បានបន្ថែមទៀតថា សមាគមនារី គឺជាកម្លាំងស្ម័គ្រចិត្ត ដើម្បីចូលរួមគាំទ្រគោលនយោបាយជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានប្រកាសជាផ្លូវការ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីរួមគ្នាជាមួយអង្គការយុវជន សហជីព និងរណៈសិរ្សរួបរួមជាតិ រំដោះប្រទេសជាតិមាតុភូមិ និងប្រជាជនពីរបបប្រល័យពូជសាសន៍។
លោកស្រីបានបញ្ជាក់ថា «ចរិតលក្ខណៈរបស់សមាគមនារី គឺផ្តោតលើសាមគ្គីភាព ឯកភាពផ្ទៃក្នុង មិនក្រអឺតក្រទម មិនរើសអើង ទន់ភ្លន់តែម៉ឺងម៉ាត់ ឈរលើអំពើល្អ ចេះជួយទុក្ខធុរៈគ្នា គាំទ្រគ្នា មិនអត្មានិយម មិនឆ្កិះឆ្កៀល ញុះញង់ បំបែកបំបាក់សាមគ្គីភាព ដែលទាំងអស់នេះ ជាមូលដ្ឋានគ្រឹះ ធ្វើឱ្យសមាគមនារី នៅតែមានភាពរឹងមាំ និងស្វាហាប់ ឆ្ពោះទៅមុខ និងរីកចម្រើនឥតឈប់ឈរ»។
គួរបញ្ជាក់ថា គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ បានរៀបចំរចនាសម្ព័ន្ធដែលមានសមាសភាពជាអាទិ៍ ថ្នាក់កិត្តិយស មានសមាសភាព ចំនួន ១៥រូប ថ្នាក់ប្រតិបត្តិមាន ៥៥រូប លេខាធិការដ្ឋានជាសេនាធិការមាន ៤៦រូប អនុសាខាសមាគមនារី នៅតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ស្មើ ចំនួន ៦ ដែលមានថ្នាក់កិត្តិយស មាន ៤១រូប ជាប្រធាន និងឧត្តមភរិយាថ្នាក់ដឹកនាំអង្គភាព ថ្នាក់ប្រតិបត្តិ មាន ១១៦រូប និងសមាជិកដែលចុះបញ្ជីមាន ៥០០រូប៕









