ប្រតិបត្តិការបណ្ដេញចេញនេះ ត្រូវបានធ្វើឡើងតាមរយៈយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា។
ក្នុងចំណោមជនជាតិបរទេសទាំង ១៥៦នាក់ (ស្រី ១៣នាក់) ដែលត្រូវបណ្ដេញចេញនោះ រួមមាន អ្នកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងករណីលួចស្នាក់នៅ ព្រមទាំងធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
ចំណាត់ការដ៏ក្ដៅគគុកនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំបញ្ជាផ្ទាល់ពី អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណងបោសសម្អាត និងលុបបំបាត់រាល់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា។
អាជ្ញាធរកម្ពុជា បានបញ្ជាក់សារជាថ្មីនូវជំហរ «គ្មានការលើកលែង» ចំពោះមុខសញ្ញាឧក្រិដ្ឋជន ជាពិសេសមេខ្លោងដែលនៅពីក្រោយសកម្មភាពឆបោក ដើម្បីធានាបាននូវសុវត្ថិភាព សុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោកទាំងមូល៕









