បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងនគរបាលស្រុកភ្នំព្រឹក បានបើកប្រតិបត្តិការឃាត់ខ្លួនបុរសម្នាក់ ដែលប្រើប្រាស់រូបភាពជាអ្នកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដើរបោកប្រាស់លក់ចិញ្ចៀនកាឡៃ ដោយភូតកុហកថាជាគ្រឿងអលង្ការប្លាទីន ដល់ប្រជាពលរដ្ឋ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ កន្លងមក ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដឹកនាំផ្ទាល់ដោយលោកអនុសេនីយ៍ឯក លាង សុខលី មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំពៅលូន។
យោងតាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិធំ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។ ជននេះបានប្រើប្រាស់មធ្យោបាយ ម៉ូតូ ១ គ្រឿង ម៉ាក Suzuki Viva ពណ៌ខ្មៅ ធ្វើសកម្មភាពដើរអូសទាញជនរងគ្រោះឱ្យទិញចិញ្ចៀនដែលខ្លួនអះអាងថាជា «ប្លាទីន» ប៉ុន្តែធាតុពិត គឺជាគ្រឿងកាឡៃប៉ុណ្ណោះ។
តាមការស៊ើបអង្កេតបឋម មានប្រជាពលរដ្ឋ ចំនួន ២នាក់ បានចាញ់បោកក្នុងល្បិចកលនេះ ដោយខាតបង់ប្រាក់សរុបជាង ១,៥លានរៀល។
ក្នុងប្រតិបត្តិការឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូ ១ គ្រឿង, វិទ្យុទាក់ទង (អាយកូម) ២ គ្រឿង, ទូរសព្ទដៃ ២ គ្រឿង, នាឡិកាដៃ ១ គ្រឿង និងចិញ្ចៀន (វត្ថុតាងបោកប្រាស់) ចំនួន ៣ វង់។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕




