យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យ លោក មីន អោងឡាំង បានឱ្យដឹងថា ទោសដែលនៅសេសសល់របស់លោកស្រី ស៊ូជី ដែលមានវ័យ ៨០ឆ្នាំ ត្រូវបានបន្ធូរបន្ថយមកជា «ការអនុវត្តទោសនៅតាមលំនៅឋានដែលបានកំណត់»។ តាមរូបភាពមួយសន្លឹកដែលត្រូវបានចែកចាយលើបណ្តាញអ៊ិនធើណិត បង្ហាញឱ្យឃើញលោកស្រី អ៊ុងសាន ស៊ូជី បានអង្គុយនៅចន្លោះបុរសពីរនាក់ ដែលម្នាក់ស្លៀកឯកសណ្ឋានប៉ូលីស។
ទោះជាយ៉ាងណា ទីតាំងច្បាស់លាស់នៃការឃុំខ្លួនថ្មីនេះមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ ប៉ុន្តែប្រភពពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានឱ្យដឹងថា លោកស្រីទំនងជាត្រូវបានគេបង្ខាំងទុកនៅក្នុងទីក្រុងណៃពិដោ ដដែល ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីកម្លាំងសន្តិសុខ។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពី លោក មីន អោងឡាំង បានស្បថចូលកាន់តំណែងជាប្រធានាធិបតី តាមរយៈការបោះឆ្នោតមួយដែលត្រូវបានក្រុមអ្នកសង្កេតការណ៍អន្តរជាតិរិះគន់ថា ជា «ការរៀបចំបង្កប់រូបភាពស៊ីវិល» ដើម្បីលុបលាងមុខមាត់របបយោធា។ ក្នុងនោះដែរ លោកស្រី ស៊ូជី ដែលធ្លាប់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ ក្រោយរដ្ឋប្រហារឆ្នាំ២០២១ ក៏ត្រូវបានកាត់បន្ថយទោសមកត្រឹម ២៧ ឆ្នាំផងដែរ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានចាត់ទុកចំណាត់ការនេះថា ជា «ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតលក្ខខណ្ឌសម្រាប់ដំណើរការនយោបាយដែលគួរឱ្យទុកចិត្ត»។ ផ្ទុយទៅវិញ លោក Kim Aris កូនប្រុសរបស់លោកស្រី ស៊ូជី បានសម្តែងការមន្ទិលសង្ស័យ ដោយលោកយល់ថា នេះគ្រាន់តែជា «ល្បែងនយោបាយដដែលៗ» ដើម្បីស្វែងរកភាពស្របច្បាប់លើឆាកអន្តរជាតិតែប៉ុណ្ណោះ។
ក្រៅពីលោកស្រី ស៊ូជី លោក មីន អោងឡាំង ក៏បានលើកលែងទោសដល់លោក Win Myint ដែលជាជំនួយការជិតស្និទ្ធ និងជាអតីតប្រធានាធិបតីក្នុងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីផងដែរ៕






