2025-10-10 15:32
11

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា៖ «កម្ពុជា និងសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត»។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ដល់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានជួបប្រជុំជាមួយ ឯកអគ្គរដ្ឋទូត Jamieson GREER ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ 

កិច្ចប្រជុំនេះបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា ទទួលបានអត្រាពន្ធគយបដិការត្រឹម ១៩% ពោលគឺបានចុះពីអត្រាពន្ធគយបដិការដំបូងដែលមានរហូតដល់ ៤៩%។ លទ្ធផលនៃការកាត់បន្ថយអត្រាពន្ធគយបដិការនេះ សម្រេចបានបន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ ចំនួន ០៧ លើក និងជួបផ្ទាល់ ចំនួន ០៣ ជុំ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕