2025-10-10 21:41
10

បន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា គិតត្រឹមម៉ោង ០៣និង៣៥នាទី រសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ សកម្មភាពឈ្លានពានដោយឈូសឆាយទន្ទ្រាន និងរាវមីនចូលទឹកដីកម្ពុជា នៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពីសំណាក់ក្រុមកម្លាំងថៃ បានផ្អាកហើយ។

ចំពោះសកម្មភាពឈ្លានពានយ៉ាងគឃ្លើនរបស់ភាគីថៃ គឺស្ថិតក្រោមក្រសែភ្នែក ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលផែនការក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ដើម្បីតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់នៅល្ងាចថ្ងៃសុក្រ ទី១០ ខែតុលា នេះថា អ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ដែលត្រូវក្រុមទាហានថៃ ដាក់គ្រឿងចក្រឈូសឆាយដីធ្លី និងរាវមីន រំលោភចូលអធិបតេយ្យកម្ពុជា ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ ចូលជាធរមាន។ 

អ្នកនាំាំពាក្យបានបញ្ជាក់ថា ទីកន្លែងដែលភាគីថៃ កំពុងធ្វើសកម្មភាពរំលោភបំពាន នៅភូមិព្រៃចាន់ ដូចជា ធ្វើការឈូសឆាយដី ការរាវមីន ដោយក្រុមទាហានថៃ ប្រដាប់ដោយអាវុធចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ចំនួន ០២ លើក គឺលើកទី១៖ នៅវេលាម៉ោង ១១និង០៥នាទីព្រឹក និងលើកទី២៖ នៅវេលាម៉ោង ១៣និង៥៥នាទីរសៀល។

ពាក់ព័ន្ធករណីខាងលើនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅតែបន្តតាមដានដោយយកចិត្តទុកដាក់លើសភាពការណ៍នៅទីនោះនៅឡើយ ដើម្បីអាចស្វែងយល់ និងវាយតម្លៃហេតុការណ៍ខាងលើឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀង ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ចាប់តាំងពីព្រឹក រហូតដល់រសៀល ថ្ងៃទី១០ ខែតុលានេះ ក្រុមទាហានថៃ រាប់រយនាក់ ប្រដាប់ដោយអាវុធបានដាក់គ្រឿងចក្រឈូសឆាយទន្ទ្រាន និងរាវមីន ក្នុងទឹកដីរបស់កម្ពុជា យ៉ាងគឃ្លើនផ្ទុយពីច្បាប់អន្តរជាតិ ស្ថិតក្រោមក្រសែភ្នែកក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយម៉ាឡេស៊ី។ 

កាលពីពេលថ្មីៗទាំងអាជ្ញាធរខេត្តស្រះកែវ និងកងទ័ពភូមិទី២ ថៃ គំរាមកំហែងឱ្យកម្ពុជាជម្លៀងប្រជាជនខ្មែរចេញពីតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ នៅត្រឹមថ្ងៃទី១០ ខែតុលា មុនចូលរួមកិច្ចប្រជុំ RBC ដែលថៃបានអះអាងថាពលរដ្ឋខ្មែរបានតាំងទីលំនៅលើទឹកដីរបស់ខ្លួន ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានកម្ពុជាបដិសេធ និងបានបញ្ជាក់ថា ពលរដ្ឋកម្ពុជា បានតាំងទីលំនៅ និងអាស្រ័យផលលើដីនេះតាំងពីយូលង់ណាស់មកហើយ វាគឺជាអធិបតេយ្យរបស់កម្ពុជាយ៉ាងពិតប្រាកដ៕