2025-10-10 21:44
11

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច ផ្អាកការងារ ដោយផ្អាកប្រាក់បៀវត្សបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាល ចំនួន ០៤ រូប នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកផ្លូវឱ្យតលាការ បន្តនីតិវិធីតាមផ្លូវច្បាប់។

តាមប្រកាសរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្ត្រីនគរបាល ចំនួន ០៤ រូប ដែលផ្អាកការងារ និងប្រាក់បៀរវត្ស រួមមាន ទី១- លោកវរសេនីយ៍ត្រី ព្រីម ដែន អត្តលេខ ៧៤១៨០ មេបញ្ជាការរង រវសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១។ ទី២- លោកវរសេនីយ៍ត្រី ព្រំ ភរ អត្តលេខ ៣៥៨៨៥ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង។ ទី៣- លោកអនុសេនីយ៍ទោ កុំ ចំរើន អត្តលេខ ៩២១៨២ មន្ត្រី។ ទី៤- លោកពលបាលត្រី ព្រីម ឌុន អត្តលេខ ៩២៥៥១ មន្ត្រី។

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះថា៖ «ក្នុងសំណុំរឿងនេះ មន្ត្រីនគរបាលត្រូវបានឃាត់ខ្លួន ចំនួន ០៦ នាក់ ប៉ុន្តែ ០២ រូប មិនមានពាក់ព័ន្ធត្រូវបានដោះលេងទៅតាមនិតិវិធីច្បាប់។ ចំណែកមន្ត្រីនគរបាលទាំង ០៤ នាក់នេះ បន្ទាប់ពីពិនិត្យលើសំណុំរឿង និងភស្តុតាងនានា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រចផ្អាកការងារ ប្រាក់បៀរវត្សជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវឱ្យតុលាការដំណើរសំណុំរឿងតាមនិតិវិធី»

អ្នកនាំពាក្យបានបន្ថែមទៀតថា «នេះគឺជាចំណាត់ការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃចំពោះមន្ត្រីខិលខួចមានភាពអវិជ្ជមានផ្សេងៗ ជាពិសេសក្នុងកាលៈទេសៈប្រទេសជាតិកំពុងរងការឈ្លានពានពីសំណាក់ភាគីថៃ ប៉ុន្តែមានមន្ត្រីមួយចំនួន កន្ទេលធំបន្លំដេក ឈ្លាតឱកាសកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន»

សូមជម្រាបថា នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងកងពលតូចថ្មើជើងលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានធ្វើប្រតិបត្តិការឃាត់ខ្លួនមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន ០៦ នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំជនជាតិថៃ ឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា នៅតាមចំណុច «ប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង» ខេត្តបន្ទាយមានជ័យ។ ក្រោយការចាប់ខ្លួនជមន្ត្រីនគរបាលទាំង០៦នាក់ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕