2025-10-10 21:45
11

ភ្នំពេញ៖ លោកអនុសេនីយ៍ត្រី សុខ សំអុល មន្ត្រីនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេច «ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ» ដោយសារមូលហេតុល្មើសបទវិន័យនគរបាលជាតិ។

លោក សុខ សំអុល គឺជាបុគ្គលម្នាក់ ក្នុងចំណោមមន្ត្រីនគរបាល ចំនួន ០៦ នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកងពលតូចថ្មើជើងលេខ៥១ នៃយោធភូមិភាគទី៥ ចាប់ខ្លួនកាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃ ឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា តាមច្រកនគរបាលការពារព្រំដែនគោលអូរល្ហុង។ 

បើតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១០ ខែតុលានេះ បានឱ្យដឹងថា ក្នុងសំណុំរឿងនាំជនបរទេសឆ្លងដែនដោយខុសច្បាប់នេះ មានមន្ត្រីនគរបាល ចំនួន ០៦ នាក់ វសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ត្រូវបានចាប់ខ្លួន ក្នងនោះម្នាក់ ត្រូវបានដោះលេងឱ្យមានសេរីភាពវិញ ដោយសារអត់មានពាក់ព័ន្ធ និង ០៤ នាក់ទៀត រូមមាន៖ ទី១- លោកវរសេនីយ៍ត្រី ព្រីម ដែន អត្តលេខ ៧៤១៨០ មេបញ្ជាការរង រវសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១។ ទី២- លោកវរសេនីយ៍ត្រី ព្រំ ភរ អត្តលេខ ៣៥៨៨៥ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង។ ទី៣- លោកអនុសេនីយ៍ទោ កុំ ចំរើន អត្តលេខ ៩២១៨២ មន្ត្រី។ ទី៤- លោកពលបាលត្រី ព្រីម ឌុន អត្តលេខ ៩២៥៥១ មន្ត្រី។ ពួកគេទាំង៤នាក់ ត្រូវបានប្រមុខក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងប្រាក់បៀរវត្សជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនិតិវិធីច្បាប់។

ចំណែកមន្ត្រីម្នាក់ទៀត អនុសេនីយ៍ត្រី សុខ សំអុល ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារមូលហេតុល្មើសបទវិន័យនគរបាលជាតិ៕