
ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ពិសេស របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពី សកម្មភាពឈ្លានពានរបស់ថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានថ្លែងថា ចាប់ពីម៉ោង ១០និង៣៥នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ កងកម្លាំងចម្រុះថៃប្រដាប់ដោយដំបង ខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀតជាច្រើន បានធ្វើសកម្មភាពរាវមីន និងប្រើប្រាស់គ្រឿងចក្រឈូសឆាយដីដែលពួកថៃ បានព័ទ្ធរបងបន្លាលួស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យជាតិ បូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តន៍ច្បាប់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា។
លោក ប៉ែន បូណា បានបញ្ជាក់ថា សកម្មភាពរាវមីននេះ ត្រូវបានកងពលតូចថ្មើជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជា បានស្នើឱ្យផ្អាក ដើម្បីបង្កើតនិតិវិធីប្រតិបត្តិ (SOP) រវាងកម្ពុជា និងថៃ ប៉ុន្តែភាគីថៃនៅតែបំពាន តែសកម្មភាពរំលោភបំពាននេះ ត្រូវបានកត់ត្រាដោយក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (OIT) ដែលមានវត្តមាននៅទីនោះ។
លោក ប៉ែន បូណា បានបន្ថែមទៀតថា រាល់សកម្មភាពរបស់សមត្ថកិច្ចចម្រុះថៃ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ៖
ទី១៖ គឺជាការំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់។ ភាគីទាំងពីរបានឯកភាពគ្នាភ្លាមៗដោយឥតលក្ខខណ្ឌនូវទបឈប់បាញ់ ត្រង់ចំណុចទី១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៥ បានកំណត់ថា «ភាគីទាំងត្រូវរក្សានូវទីតាំងឈរជើងក្រោយពេលបទឈប់បាញ់ចូលជាធរមាន»។
ទី២៖ គឺជាការរំលោភលើស្មារតីកិច្ចប្រជុំ GBC និង RBC ភាគីទាំងពីរបានឯកថា ត្រូវរក្សាកងទ័ពឱ្យនៅទីតាំងដើមដែលខ្លួនកាន់កាប់ចាប់ពីពេលបទឈប់បាញ់ចូលជាធរមាន ដោយមិនត្រូវមានការចល័តកងកម្លាំងរួមទាំងការដើរល្បាតផងសំដៅទីតាំងភាគីម្ខាងទៀត ដែលមានចែងក្នុងចំណុច២ នៃ GBC។ ភាគីទាំងពីរមិនប្រើប្រាស់កងកម្លាំងគ្រប់ប្រភេទដែលនាំឱ្យប៉ះពាល់ដល់ប្រជានជន និងទ្រព្យសម្បត្តិជនស៊ីវិលដែលមានចែងត្រង់ចំណុច៥ នៃ GBC។ ភាគីទាំងពីរមិនពង្រីកវិសាលភាពនូវទំហំនៃវិវាទរួមទាំងបញ្ចូលបង្កហេតុរបស់ទាហាន ឬប្រជាជនដែលអាចនាំឱ្យមានភាពតានតឹងដូចជា សម្តីអុចអាល សកម្មភាពកងទ័ពដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ចាងទៀត នៅពេលបទឈប់បាញ់ចូលជាធរមាន កាលពីពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ទី៣៖ គឺជាការរំលោភអនុសារណៈនៃការយោគយល់គ្នាត្រង់ចំណុចទី២ មាត្រា ៤ នៃ MOU ឆ្នាំ២០០០ ដែលចែងថា៖ នៅពេលបញ្ចប់ការវាស់វែងខណ្ឌសីមាព្រំដែនតំបន់នីមួយៗអនុសារណៈនៃការយោគយល់គ្នាមួយ នឹងត្រូវចុះហត្ថលេខាដោយសហប្រធាននៃគណៈកម្មការចម្រុះព្រំដែនផែនទីដែលបានបង្ហាញតំបន់ដែលបានបញ្ចប់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនត្រូវចុះហត្ថលេខា និងភ្ជាប់ជាមួយអនុសារណៈយោបយល់គ្នានេះ។
ទី៤៖ វាគឺជាសកម្មភាពរំលោភលើសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ សិទ្ធិក្នុងការទទួលលំនៅដ្ឋាន និងជីវភាពសមរម្យ ដូចមានចែងក្នុងមាត្រា ២៥ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងមាត្រា ១១ កតិការសញ្ញាអន្តរជាតិស្តីពីសេដ្ឋកិច្ច សង្គម វប្បធម៌ និងសិទ្ធិលើកម្មសិទ្ធិ មាត្រា ១៧ នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សដែលហាមមិនឱ្យបណ្តេញជនស៊ីវិលចេញពីផ្ទះសម្បែងដោយបង្ខំនៅក្នុងបរិបទនៃជម្លោះដោយប្រដាប់អាវុធអន្តរជាតិ មាត្រា ៤៩ នៃអនុសញ្ញាទី៤ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងវិធាន ១២៩ក នៃច្បាប់ទំនាមទំលាប់មនុស្សធម៌អន្តរជាតិ។
កម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងខ្លាចំពោះទង្វើរំលោភបំពានរបស់អាជ្ញាធរថៃ មកលើដែនអធិបតេយ្យភាព និងបរណភាពទឹកដីរបស់កម្ពុជា និងជាការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលមិនអាចទទួលយកបាន ជាពិសេសការអនុវត្តច្បាប់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវដល់អាជ្ញាធរថៃ បញ្ឈប់ទង្វើរំលោភបំពានទាំងអស់ជាបន្ទាន់ និងទាមឱ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំ GBC, RBC, MOU ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស ក៏ជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន។ អ្នកនាំពាក្យក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោសអំពើរំលោភបំពានរបស់ថៃ និងចាត់វិធានការចាំបាច់ ដើម្បីបង្ខំឱ្យប្រទេសនេះ បញ្ឈប់សកម្មភាពឈ្លានពានមកលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជាយ៉ាងគឃ្លើនបែបនេះតទៅទៀត។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាន់គោលជំហរច្បាស់លាស់ក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ នៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន៕



