
ភ្នំពេញ៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិតេជោ-TECHO INTERNATIONAL AIRPORT / KTI» លំដាប់ថ្នាក់ 4F នឹងត្រូវធ្វើឡើងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៦និង០០នាទី ដល់ម៉ោង ១២និង០០នាទីព្រឹក សម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4Fនេះ។
ដើម្បីឱ្យការរៀបចំពិធីសម្ពោធជាផ្លូវការខាងលើនេះ ប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្នើសុំបងប្អូនមេត្តាយោគយល់ ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរ ចេញ-ចូល ឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ និងអធ្យាស្រ័យដោយទីតាំងខាងលើនេះនឹងមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាព៕




