2025-10-10 11:44
14

ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ បើតាមផែនការក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំនៅភូមិព្រៃចាន់ និងភូមិជោគជ័យនេះបើយោងតាមការបញ្ជាក់ របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹក ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យបានឱ្យដឹងថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ខណៈនៅព្រឹកថ្ងៃសុក្រនេះ កងកម្លាំងយោធាថៃ ព្យាយាមរុលចូលមកមុខ ដើម្បីបណ្តេញប្រជាពលរដ្ឋខ្មែរឱ្យចេញពីភូមិឋាន ដែលភាគីថៃបានចោទប្រកាន់ថាពលរដ្ឋកម្ពុជា បានតាំងទីលំនៅលើទឹកដីរបស់ថៃ។

ប៉ុន្តែ ជុំវិញការចោទប្រកាន់នេះ ត្រូវបានកម្ពុជាបដិសេធ និងបានអះអាងថា តំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្ថិតលើអធិបតេយ្យរបស់កម្ពុជា។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា «បើយោងតាមផែនការ ក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំ នៅភូមិទាំងពីរខាងលើនេះ»។

សូមបញ្ជាក់ថា ក្រុមទាហានសៀម បានព្យាយាមរំកិលខ្លួនចូលមកជិតព្រំដែនកម្ពុជា ក្នុងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីបណ្តេញពលរដ្ឋខ្មែរឱ្យចេញភូមិឋាន ប៉ុន្តែត្រូវបានពលរដ្ឋ និងកងកម្លាំងកម្ពុជាមិនប្រដាប់អាវុធបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីការពារដែនអធិបតេយ្យ និងការពារប្រជាពលរដ្ឋបានយ៉ាងខ្ជាប់ខ្ជួន៕