
បន្ទាយមានជ័យ៖ មន្ត្រីនគរបាលវរៈសេនាតូចការពារព្រំដែន លេខ ៨៩១ ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន ០៦ នាក់ ក្នុងនោះ មានមេបញ្ជាការង ចំនួន ០២នាក់ មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុងម្នាក់ និងមន្ត្រី ចំនួន ០៣ នាក់ទៀត ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃ ឆ្លងដែនដោយខុសច្បាប់។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការបង្ក្រាបមុខសញ្ញានាំជនជាតិបរទេសឆ្លងដែនដោយខុសច្បាប់នេះ ធ្វើឡើងនៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងកងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានធ្វើប្រតិបត្តិការឃាត់ខ្លួនមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន ០៦ នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅតាមចំណុច «ប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង»។
ចំពោះមន្ត្រីនគរបាលដែលត្រូវបានឃាត់ខ្លួនទាំង០៦នាក់ រួមមាន ទី១៖ លោកវរសេនីយ៍ត្រី សុខ សំអុល ហៅ តុង តួនាទី មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន លេខ ៨៩១ ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ទី២៖ លោកវរសេនីយ៍ត្រី ព្រឹម ដែន តួនាទី មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន លេខ ៨៩១។ ទី៣៖ លោកវរសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទី មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង នៃវរៈសេនាតូចការពារព្រំដែន លេខ ៨៩១។ ទី៤៖ ពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រីវរៈសេនាតូច ៨៩១។ ទី៥៖ ពលបាលត្រី កាក់ សេងទ្រី តួនាទី មន្ត្រីវរៈសេនាតូច ៨៩១ និងទី៦៖ អនុសេនីយ៍ទោ ភុំ ចំរើន តួនាទី មន្ត្រីវរៈសេនាតូច ៨៩១។
តាមប្រភពបានបន្ថែមទៀតថា ក្រៅពីមន្ត្រីនគរបាលទាំង៦នាក់នោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានឈ្មោះ ង៉ិក មិថុនា ជាចុងភៅ ប៉ុន្តែមិនមានការពាក់ព័ន្ធនឹងបទល្មើសនោះឡើយ ត្រូវបានដោះលេងវិញ។
ក្រោយការឃាត់ខ្លួនមន្ត្រីនគរបាលទាំង៦នាក់ ត្រូវបានប្រគល់ទៅឲ្យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។ ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបន្តស៊ើបអង្កេតបន្ថែមទៀត ដើម្បីរកឱ្យឃើញបណ្តាញពាក់ព័ន្ធនឹងការនាំជនបរទេសឆ្លងដែនខុសច្បាប់៕