2025-10-09 09:50
6

ហ្ស៊ឺណែវ៖   កាលពីព្រឹកថ្ងៃពុធទី០៨ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ ក្នុងអំឡុងពេលអនុម័តសេចក្តីសម្រេច ស្តីពី សេវាប្រឹក្សា និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា។ 

ក្នុងបទអន្តរាគមន៍ លោកឯកអគ្គរាជទូត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ការចូលរួមប្រកបដោយភាពស្ថាបនា និងភាពជាអ្នកដឹកនាំគំរូក្នុងនាមជាអ្នកតាក់តែងសេចក្តីសម្រេច ដោយបានកត់សម្គាល់ថា ការអត់ធ្មត់ យុត្តិធម៌ និងការស្វែងរកការឯកភាពរបស់ជប៉ុន ជាថ្មីម្តងទៀតបានបង្កប់នូវខ្លឹមសារនៃពហុភាគីនិយម និងការទូតសហប្រតិបត្តិការ ដែលទ្រទ្រង់នូវសុចរិតភាព និងភាពជឿជាក់នៃក្រុមប្រឹក្សានេះ។

លោកឯកអគ្គរាជទូតបានគូសបញ្ជាក់បន្ថែមថា អស់រយៈពេលជាងបីទសវត្សរ៍មកហើយ ដែលកម្ពុជាបានចូលរួមដោយបើកចំហ និងជាប់លាប់ជាមួយយន្តការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសប្រាំពីររូបជាបន្តបន្ទាប់ ដោយបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការនេះ គឺជាការប្តេជ្ញាចិត្ត មិនមែនជាសម្បទាននោះទេ។ អាណត្តិរបស់អ្នករាយការណ៍ត្រូវជួយមិនចោទប្រកាន់ ត្រូវចូលរួម មិនមែនប្រឆាំង និងត្រូវណែនាំ មិនមែនវិនិច្ឆ័យទេ ហើយភាពជឿជាក់ស្ថិតនៅលើយុត្តិធម៌ ភាពត្រឹមត្រូវ និងការគោរពចំពោះបរិបទ។

ជុំវិញជម្លោះប្រដាប់អាវុធដែលកំពុងបន្តជាមួយប្រទេសថៃ ឯកអគ្គរាជទូតកម្ពុជា ប្រចាំ UN បានសង្កត់ធ្ងន់ថា «កាតព្វកិច្ចរបស់អ្នករាយការណ៍មិនអាចបញ្ចប់ត្រឹមតែរបាយការណ៍នោះទេ គឺទាមទារភាពក្លាហានខាងសីលធម៌ ដើម្បីប្រឈមមុខនឹងការបំពានច្បាប់ សិទ្ធិមនុស្ស និងមនុស្សធម៌ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ជនស៊ីវិលកម្ពុជា និងទាហានដែលត្រូវបានចាប់ខ្លួន។ សកម្មភាពបង្ខំឱ្យផ្លាស់ទីលំ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំ មិនមែនជារឿងអរូបីទេ ប៉ុន្តែជារបួសរស់នៅធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងមនសិការរបស់ក្រុមប្រឹក្សា»។

លោកឯកអគ្គរាជទូត បានព្រមានថា «ការនៅស្ងៀមចំពោះទុក្ខវេទនាបែបនេះ មិនមែនជាអព្យាក្រឹតភាពទេ ប៉ុន្តែការបោះបង់តួនាទី ពោលគឺជាការស្ងៀមស្ងាត់ដែលបំផ្លាញភាពមិនលំអៀង ឯករាជ្យភាព និងសុចរិតភាពនៃអ្នកកាន់អណ្តត្តិ»៕