
ភ្នំពេញ៖ ក្នុងជំនួបទ្វេភាគីជាមួយលោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវជំហរ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តការដោះស្រាយដោយសន្តិវិធី និងអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-ថៃ។
ការបញ្ជាក់របស់មន្ត្រីការទូតជាន់កម្ពុជាបែបនេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ នៅទីស្តីខណៈពេលបានទទួលជួបពិភាក្សាការងារជាមួយ លោក Shovgi Mehdizada ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តលើទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើវិស័យនានា ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ការបោសសំអាតមីន ។ល។ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-អាស៊ែបៃហ្សង់ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគីបន្ថែមមួយកម្រិតទៀត។
ជាងនេះទៅទៀត លោកស្រីរដ្ឋលេខាធិការក្រសួងការបរទេស បានជម្រាបជូនឯកអគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវជំហរ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបន្តការដោះស្រាយដោយសន្តិវិធី និងអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-ថៃ៕

