
កោះកុង÷ ទូកដឹកគ្រឿងសមុទ្រ និងសាច់បង្កកមួយគ្រឿងចេញពីប្រទេសថៃ-ចូលមកកាន់កម្ពុជា កាលពីម៉ោងប្រមាណជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥ម្សិលម៉ិញ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ការពាព្រំដែនទឹក មាត់ពាមព្រែកកោះយ៉ បានធ្វើការឃាត់ចាប់ រួចប្រគល់ឱ្យជំនាញនិងគយអនុវត្តតាមនីតិវិធី ហើយត្រូវបានមហាជនជាច្រើនរិះគន់យ៉ាងខ្លាំង បន្ទាប់ពីគយឲ្យទំនិញទាំងនោះដឹកទៅចែកចាយបន្តជាធម្មតា ដោយមន្ត្រីគយឱ្យម្ចាស់បង់ពន្ធ ទាំងដែលទំនិញទាំងនោះមិនមានច្បាប់អនុញ្ញាតនាំចេញ ។
ទូកដែលសមត្ថកិច្ចបានធ្វើការឃាត់ចាប់ ជាប្រភេទទូកកន្ទុយវែង ដែលដឹកគ្រឿងសមុទ្រ មានដូចជា ÷ ចាក់ច្រែង កូនក្តាម មឹក ត្រីបង្កក ក្តាមសក។ល។ និងមានមនុស្សពីរនាក់ មួយជាជនជាតិថៃ ម្នាក់ទៀតជាជនជាតិខ្មែរ រស់នៅប្រទេសថៃ។
ជុំវិញការដោះលែងទំនិញឲ្យដឹកចែកចាយជាធម្មតាក្រោយពី បង់ពន្ធគយរួចរាល់ ធ្វើឲ្យមហាជនដែលបានឃើញហេតុការណ៍រិះគន់យ៉ាងខ្លាំង ទៅលើវិធានការ មន្ត្រីជំនាញនិងគយ ដោយពួកគាត់លើកឡើងថា ទំនិញបង្កកទាំងនេះគួរណាតែដុតកម្ទេចចោល រីឯក្តាមនិងចាក់ច្រែង យកប្រលែងវាទៅល្អមើលជាងយកទៅបង់ពន្ធរួចឲ្យទៅចែកចាយបែបនេះ ។ ប្រជាពលរដ្ឋខ្លះទៀតបានលើកឡើងជាសំណួរថា ក្រោយមានការបិទច្រកទ្វាររវាងកម្ពុជា ថៃ ប្រមុខថ្នាក់ដឹកនាំ បានដាក់បទបញ្ជាមិនអោយមានការនាំចូលនូវរាល់ទំនិញឲ្សេងៗចេញពីថៃមកកម្ពុជាទេ ហេតុអ្វី ទំនិញថៃនៅតែបន្តមានវត្តមាននៅលើទីផ្សារកម្ពុជា តើទំនិញទាំងអាចចេញមកបានដោយរបៀបណា ? ខណៈកងកម្លាំងយាមនៅតាមព្រំដែន ទាំងទឹក ទាំងគោក នៅប្រចាំការជាប់ជានិច្ច ឬពួកគាត់បានដេកលង់លក់មិនដឹងខ្លួន រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មានករណីខ្យល់បក់បោក រលកខ្លាំងៗវាយបំបែកទូកមួយគ្រឿងដឹកទំនិញចេញពីថៃ បណ្តាលអោយលិចនៅមុខមាត់ពាមចូលប៉ាក់ខ្លង ខ្ជាក់ចេញសុទ្ធតែជាសាច់បង្កក ក្រោយមកក៏មានការបង្ហោះជាសាធារណៈពីបណ្តាញសង្គមថែមទៀត លើទំនិញថៃឡើងទាំងកណ្តាល ទើបបង្ករអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច ។
ពលរដ្ឋ និងមន្ត្រីរាជការមួយចំនួនដែលបានឃើញ និងដឹងឭ នូវរឿងរ៉ាវមួយនេះ បានធ្វើការសំណូមពរ ទៅដល់ថ្នាក់ដឹកនាំ មេត្តា ពិនិត្យ និង ចាត់វិធានការអោយបានតឹងរឹង ចំពោះបញ្ហានេះ ព្រោះថា បច្ចុប្ប្នន ថៃ អាចហ៊ានប្រើគ្រប់មធ្យាបាយ មកលើកម្ពុជា ដូចជាការលួចដាក់នៅសារធាតុគីមីផ្សេងៗតាមរយៈចំណីអាហារ ដើម្បី ចែកចាយនៅលើ ទីផ្សារកម្ពុជាយើងបាន តាមរយៈការលួចនាំចូលពីក្រុមឈ្មួញ មួយក្តាប់តូច ដែលមិនបានគិតពីប្រយោជន៍សាធារណៈ ។
ជុំវិញបញ្ហា ខាងលើ មន្ត្រីជំនាញ ជលផលបានលើកឡើងថា ខាងមន្ទីរបានធ្វើការពិន័យអន្តរកាលទៅតាមច្បាប់ ស្តីជលផល ចំពោះបញ្ហាផ្សេងទៀត អាចទំនាក់ទំនងសួរទៅខាងមន្ទីរបាន ។
ដោយឡែក លោកស្រី ឯម សុធារ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅមិនទាន់បានសុំការបំភ្លឺនៅឡើយទេ ពីព្រោះខលចូលហើយមិនមានអ្នកទទួល។
ចំណែក លោក ឈិត រតនៈ អភិបាលរង ខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកោះកុង បានបញ្ជាក់ថា ខាងរដ្ឋបាលខេត្តបានធ្វើលិខិតប្រគល់ទៅជំនាញ គយ និងរដ្ឋាករខេត្ត ជាអ្នកអនុវត្តនិវិធី ហេតុនេះអាចសួរទៅខាងគយបាន ព្រោះជាដែនសមត្ថកិច្ចរបស់គយ ។
ចំពោះ ជនជាតិសៀមម្នាក់ដែលគ្មានលិខិតឆ្លងដែន ដឹកទំនិញចូលមកកម្ពុជា គ្មានច្បាប់អនុញ្ញាត លោក លឹម សែងចន្ទ អធិការនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងតាមទូរសព្ទនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះថា រឿងនេះសូមបងសួរទៅខេត្តទៅ ពីព្រោះខេត្តជាអ្នកដឹកនាំ ៕