2025-08-21 18:18
15

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍សាធារណជនប៉ុណ្ណោះទេ ថែមទាំងមិនបានបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសន្តិភាពផងដែរ។

នេះជាការលើកឡើងរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃព្រហស្បតិ៍  ទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការពារជាតិ បានរំលេចថា ក្នុងកិច្ចព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ គឺបានឯកភាពគ្នាមិនផ្សព្វផ្សាយ ចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយ ដើម្បីបន្ធូបន្ថយភាពតានតឹង កាត់បន្ថយផលប៉ះពាល់ភាពអវិជ្ជមានសតិអារម្មណ៍របស់សាធារណជន បង្កើតបរិយាកាសអំណោយផល ដល់កិច្ចសន្ទនាប្រកបដោយសន្តិភាព។ 

អ្នកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា៖ «កម្ពុជា មិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយនូវព័ត៌មាន បំភ្លើស បំភ្លៃ ខុសពីការពិត ចែករំលែក ឬផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះព័ត៌មានក្លែងក្លាយទាំងនេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍សាធារណជន ថែមទាំងមិនបានបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសន្តិភាពថែមទៀតផង»៕