
ភ្នំពេញ៖ លោក ជា ធីរិទ្ធិ អ្នកនាំពាក្យរបស់សម្តេច ហ៊ុន សែន បានបង្ហោះសារ នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះថា «ស្ទើររាល់ថ្ងៃ ពួកចោរឈ្លានពានតែងតែផ្ញើសារមកជេរប្រមាថលើរូបលោក ក្នុងនោះមានទាំងការគំរាម “សម្លាប់” ផងដែរ។ ប៉ុន្តែ លោកថាមិនចាប់អារម្មណ៍ច្រើនទេ កន្លងមក ដោយសារវាជាវប្បធម៌ និងជាអត្តសញ្ញាណរបស់ពួកឈ្លានពានជ្រុលនិយម។
អ្នកនាំពាក្យសម្តេចតេជោ បានបញ្ជាក់ថា «នៅថ្ងៃនេះ ខ្ញុំបានចូលមើលសារឃើញគណនីហ្វ៊េសប៊ុកជនឈ្លានពានផ្ញើមកគំរាមធ្ងន់ធ្ងរជាងរាល់ដង ដោយបានគំរាមកាត់ក្បាលខ្ញុំ នៅពេលទៅប្រទេសថៃ។ សារនេះ មិនបានធ្វើឲ្យខ្ញុំភ័យខ្លាចអ្វីទេ តែធ្វើឲ្យខ្ញុំរឹតតែអាណិត ព្រោះអ្នកកាន់តែធ្លាក់ជ្រៅក្នុងសភាពសាហាវព្រៃផ្សៃក្រោមទាសភាពនៃមហិច្ចតាឈ្លានពានងងឹតងងុល ដែលពិបាកស្រោចស្រង់ ហើយគ្មានមេដឹកនាំណាជួយណែនាំ»។
យ៉ាងណាក្តី លោក ជា ធីរិទ្ធ អះអាងថា លោកតែងចងចាំពាក្យណែនាំរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ដែលលោកតែងរម្លឹកថា “ទោះគេធ្វើអំពើសាហាវព្រៃផ្សៃគ្មានភាពជាមនុស្សដាក់យើងបែបណាក្តី ក៏យើងមិនត្រូវធ្វើទង្វើសាហាវព្រៃផ្សៃនោះត្រឡប់ទៅវិញដែរ ដោយយើងត្រូវប្រកាន់យកនូវភាពថ្លៃថ្នូរជាពូជខ្មែរអង្គរ ជាមនុស្សជាតិ និងគោរពគោលការណ៍ច្បាប់អន្តរជាតិ”៕

