
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មក្រកម្ពុជា និងក្រុមហ៊ុន COFCO Biotechnology Co., Ltd. នៃសាធារណៈរដ្ឋប្រជាមានិតចិន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់ការនាំចេញដំឡូងមីស្ងួត ចំនួន ៥០០ ០០០ តោន ដើម្បីនាំចេញទៅកាន់ប្រទេសចិន សម្រាប់ឆ្នាំ២០២៥-២០២៦នេះ។ គិតត្រឹមរយៈពេល៦ខែនេះ កម្ពុជា ជំរុញការនាំចេញដំឡូងស្ងួតទៅកាន់ទីផ្សារប្រទេសចិន បានប្រមាណ ៧០០ ពាន់តោន។
ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅរសៀលថ្ងៃថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd.។
ក្នុងជំជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ដើម្បីនាំចេញដំឡូងមីស្ងួត ចំនួន ៥០០ ០០០ តោន ទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។
ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម គណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd.។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកនិងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
សូមគូសបញ្ជាក់ជូនថា ក្នុងរយៈពេលប្រាំមួយខែនេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្តនាំចេញដំឡូងមីស្ងួត សរុបជាង ៧០០ ០០០ តោន ទៅកាន់ប្រទេសចិន។ អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់នាំចេញ ដំទ្បូងមីស្ងួត ៥០០ ០០០ តោន នាថ្ងៃនេះ គឺបន្ថែមពីលើ អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំទ្បូងមីស្ងួត ចំនួន ២០០ ០០០ តោន ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដែលការណ៍នេះ បង្ហាញឱ្យឃើញពីវឌ្ឍនភាព និងការកើនឡើងនូវទំនុកចិត្តលើផលិតផលកសិកម្មកម្ពុជា និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន៕

