2025-08-21 12:36
9

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងសារជាថ្មីថា កម្ពុជា នៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀងខាងលើ និងប្រគល់បុគ្គលិកយោធារបស់យើង ចំនួន ១៨ នាក់ មកកម្ពុជាវិញ ដើម្បីឱ្យពួកគេបានជួបជុំក្រុមគ្រួសាររបស់ពួកគេដែលបានរង់ចាំទាំងយប់ទាំងថ្ងៃសម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគេ។ 

អ្វីដែលសំខាន់ផងដែរនោះ គឺទាហានថៃបានចាប់ខ្លួនកងកម្លាំងយោធាកម្ពុជាដោយខុសច្បាប់ភ្លាមៗបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ គិតត្រឹមម៉ោង០៧ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ការឃាត់ខ្លួនពួកគេមានរយៈពេល២២ថ្ងៃ ២៣ម៉ោង១០នាទីហើយ។ 

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃព្រហស្បតិ៍  ទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ 

ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងសហគមន៍អន្តរជាតិនឹងមានភាពជាក់លាក់ក្នុងការទាមទារឱ្យប្រទេសថៃរក្សាកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនបោះបង់ចោល ឬទុកសមាជិកគ្រួសាររបស់យើងណាម្នាក់ឱ្យនៅដាច់ដោយឡែកឡើយ។ រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា រួបរួមគ្នាក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ពួកគេ ដោយការប្តេជ្ញាចិត្ត និងភាពច្បាស់លាស់ឥតងាករេ។

ការអនុវត្តពេញលេញនៃបទឈប់បាញ់ដោយភាគីទាំងពីរនឹងបង្កើតបរិយាកាសអំណោយផលសម្រាប់ការស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងភាពប្រក្រតីនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ នេះជាអ្វីដែលមិនត្រឹមតែប្រជាជនទាំងពីររបស់យើងប្រាថ្នាចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលចង់ឃើញដូចដែលបានបង្ហាញដោយសារអបអរសាទរ និងគាំទ្រជាច្រើនចំពោះកិច្ចព្រមព្រៀងឈប់បាញ់ និងលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។ 

កម្ពុជា ប្តេជ្ញាធ្វើការដោយស្ថាបនាដោយស្មោះ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី ប្រទេសសមាជិកអាស៊ានផ្សេងទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនៃបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕