
ភ្នំពេញ៖ លោក នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ចំពោះប្រតិកម្មរបស់មិត្តអន្តរជាតិអំពីបញ្ហាព្រំដែន កម្ពុជា-ថៃ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបន្តតាមដាន និងអង្កេតយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសការអនុវត្តបទឈប់បាញ់។
លោក នង សាកល បានថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
កម្ពុជា សូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានដឹកនាំសម្របសម្រួលឱ្យមានកិច្ចឈប់បាញ់ឱ្យក្លាយទៅជាការពិត និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមសកម្មរបស់សហរដ្ឋអាមេរិកលើកបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ៕

