
ឥណ្ឌូនេស៊ី៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោក ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៥ បានអញ្ជើញចូលរូមកិច្ចប្រជុំសន្និបាត ប្រចាំឆ្នាំរបស់សមាជិកសភាអាស៊ីអាគ្នេយ៍ប្រឆាំង នឹងអំពើពុករលួយ SEAPAC និងវេទិកាតុមូល Bulaksumur ចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី។
វេទិកាតុមូល Bulaksumur Roundtable Forum (BRF) បានប្រព្រឹត្តឡើង និងរៀបចំដោយ នាយកដ្ឋាន នយោបាយនិងរដ្ឋាភិបាល នៃ Universitas Gadjah Mada (UGM) ក្នុងភាពជាដៃគូជាមួយដៃគូអចិន្ត្រៃយ៍ ជាមួយ SEAPAC រួមទាំងមូលនិធិ Westminster ដើម្បីប្រជាធិបតេយ្យ (WFD)។
វេទិកាតុមូលនេះ បានរៀបចំជាកិច្ចប្រជុំពេញអង្គ និងបានពិនិត្យបញ្ហាប្រឈមបរិស្ថាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងផ្តោតលើអំពើពុករលួយ អភិបាលកិច្ចមិនល្អ កង្វះតម្លាភាព អវត្ដមាននៃគណនេយ្យភាព និងនីតិរដ្ឋទន់ខ្សោយ ។
ភាពទន់ខ្សោយជាប្រព័ន្ធទាំងនេះជាការគំរាមកំហែងដល់សមត្ថភាពរបស់អាស៊ានក្នុងការសហការប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានឆ្លងដែនដូចជាភ្លើងឆេះព្រៃការបំពុលដោយផ្សែងអ័ព្ទ ការកាប់ឈើខុសច្បាប់ និងកង្វះទឹក។
អ្នកចូលរួមបានលើកឡើងពីការកើតឡើងនូវអំពើពុករលួយផ្នែកបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិដែលធ្វើឱ្យវិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗ។
អង្គប្រជុំវេទិកាតុមូលក៏បានលើកឡើងផងដែរថា៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យបរិស្ថាន(Environmental Democracy) ដោយផ្តោតលើសសរស្តម្ភចំនួនបីរបស់ខ្លួន រួមមាន៖ សិទ្ធិទទួលបានព័ត៌មាន ការចូលរួមពីសាធារណជន និងសិទ្ធិទទួលបានយុត្តិធម៌ និងតួនាទីរបស់ពួកគេក្នុងការពន្លឿនសកម្មភាពអាកាសធាតុដើម្បីឆ្លើយតបនឹងការប្តេជ្ញាចិត្តជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ដើម្បីភ្ជាប់ភាគីពាក់ព័ន្ធដែលធ្វើការលើសកម្មភាពអាកាសធាតុ និងលទ្ធិប្រជាធិបតេយ្យបរិស្ថានក្នុងតំបន់ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាទាំងនេះ និងលើកទឹកចិត្តដល់ការអនុម័ត និងការអនុវត្តក្របខ័ណ្ឌ SEA EDO នៅក្នុងប្រទេសដែលចូលរួម ដោយបង្ហាញពីការអនុវត្តល្អបំផុត បញ្ហាប្រឈម និងអនុសាសន៍ដែលអាចអនុវត្តបាន៕

