2025-08-20 14:28
15

កណ្តាល៖ កាន់តែធ្ងន់ករហើយ! ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ជាម្ចាស់ផលិតផលសម្អាង និងកែសម្ភស្ស ត្រូវបានមន្ទីរពិសោធន៍ និងតេស្តរកឃើញផលិតផល ចំនួន ០៤ មុខ របស់ក្រុមហ៊ុន «Love Riya» ដែលផ្សព្វផ្សាយលក់លើបណ្តាញអនឡាញ រកឃើញមានផ្ទុកសារធាតុហាមឃាត់លើសខុសពីច្បាប់អនុញ្ញាតធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល  បានឲ្យដឹងថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្រ្តីនគរបាលជំនាញ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា «ផលិតផល ចំនួន ០៤ មុខ ក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្តដែលម្ចាស់ក្រុមហ៊ុន Love Riya Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់»។

ជារួមគួរនាំគ្នាអាណិតដល់អ្នកជឿចាញ់បោក ខំប្រឹងរកលុយមកទិញផលិតផលរបស់ក្រុមហ៊ុនខាងលើយកមកប្រើប្រាស់ ដែលប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ លោកស្នងការនគរបាលខេត្តកណ្តាល បានស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននឹងកំពុងបំពុលសង្គម។

តាមរបាយការណ៍បានឱ្យដឹងថា ចំពោះសារធាតុ Mercury (បារត)៖ ជាលោហៈធ្ងន់ដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុស ធ្មេញ (ដើម្បីសម្លាប់មេរោគ) គ្រឿងសម្អាងធ្វើឱ្យស្បែកឆាប់ស ដែលអាចចម្លងចូលខ្លួន មនុស្សតាមរយៈការលេប ឬជ្រាបចូលតាមស្បែក។ ផលប៉ះពាល់នៃសារធាតុបារត ធ្វើឱ្យខូចតំរងនោម ប្រព័ន្ធប្រសាទ ប្រព័ន្ធដង្ហើម ប្រព័ន្ធពោះវៀន ស្ត្រីមានផ្ទៃពោះនិង ស្បែក។ 

ដោយឡែក ចំពោះសារធាតុ Cadmium៖ ជាលោហៈធ្ងន់ ដែលត្រូវបានប្រើប្រាស់ក្នុងផលិតផលថ្នាំដុសធ្មេញឬ គ្រឿងសម្អាង (ក្រែមលាបមាត់) ដើម្បីឱ្យមានភាពភ្លឺរលោង ដែលអាចចម្លងចូលខ្លួនមនុស្ស តាមរយៈការលេប ឬជ្រាបចូលតាមស្បែក។ ផលប៉ះពាល់៖ ខូចតំរងនោម ថ្លើម ឆ្អឹងឆាប់ទន់ (ស្ពោធ) ប្រតិកម្មស្បែក (Allergic) រលាក ស្បែក និងកើនហានិភ័យនៃជម្ងឺមហារីក។

សូមជម្រាបថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុច បុរី ML ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនមកសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ក្រោយដំណើរការនិតិវិធី ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ភេទស្រី អាយុ ៤០ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ ពីបទ៖ «ញុះញង់ឱ្យមានការរើសអើង និង ធ្វើឱ្យខូចទឹកចិត្តកងទ័ព» ប្រព្រឹត្តនៅចំណុច បុរី ML ស្ថិតនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ កាលពីថ្ងៃទី០៦ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤៧២ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងខេត្តកណ្តាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕