2025-08-20 12:24
17

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជាបានប្រកាន់ខ្ជាប់នូវការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងភាគីទាំងពីរ។ យើងជឿជាក់ថានេះ ជាមូលដ្ឋានរឹងមាំបំផុត ដើម្បីកសាងសន្តិភាពយូអង្វែងសម្រាប់យើងទាំងអស់គ្នា។

លោក នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ជាឆ្លើយតបចំពោះការចោទប្រកាន់របស់ភាគីថៃ ថាកម្ពុជាបានរំលោភទឹកដីខ្លួននោះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក នង សាកល បានបញ្ជាក់ថា «អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកិច្ចការព្រំដែនរួម JBC តាមរយៈក្រសួងការបរទេសនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដាក់សំណើជំទាស់ជាផ្លូវការមួយចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាន នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននៅក្នុងទឹកដីកម្ពុជា»។ 

ក្នុងស្ថានការណ៌នេះ គណៈប្រតិភូ JBC កម្ពុជា បានស្នើឲ្យកងទ័ពថៃ រុះរើឧបករណ៌ទាំងអស់ចេញពីតំបន់ទាំងឡាយដែលបានរំលោភ ដោយយល់ថាទង្វើទាំងអស់នេះ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា។ ដូច្នេះ កម្ពុជាសូមអំពាវនាវឲ្យថៃគោរពឱ្យបានពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិទាំងអស់៕