2025-08-19 17:05
202

ភ្នំពេញ៖ សាលក្រមរបស់តុលាការកំពូលនៃកម្ពុជា បានសម្រេចតម្កល់ការផ្តន្ទាទោស ចំពោះឧក្រិដ្ឋជន ស្រី ស៊ីណា ដាក់ពន្ធនាគាររយៈពេល ៣១ឆ្នាំ និងសងសំណង ចំនួន ២លាន ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅឱ្យជនរងគ្រោះ ចំនួន ០៤ រូបផ្សេងៗគ្នា ពោល គឺស្របតាមការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ។

យុវជន ហុង រិទ្ធីរក្ស ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះសារនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនមានឈ្មោះ «Hong Rithea Reak» ថា៖ “ទីបំផុតពួកយើងទទួលបានយុត្តិធម៌ហើយ.......”។

ជនរងគ្រោះសរសេរបានបញ្ជាក់ថា «ពេលព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ តុលាការកំពូលបានប្រកាសសេចក្តីសម្រេចយកការសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។ យុត្តិធម៌នៅតែមានសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ដូចយើងខ្ញុំ»។

យុវជន ហុង រិទ្ថីរក្ស បានថ្លែងអំណរអរគុណទៅដល់សម្ដេចពុក ហ៊ុន សែន និងសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែយកចិត្តទុកដាក់នៅក្នុងរឿងក្តីរបស់យើងខ្ញុំ តាំងពីការកើតរឿងដំបូងរហូតទទួលបានយុត្តិធម៌នៅពេលនេះ។ ក្នុងនាមប្រជាជនស្លូតត្រង់ម្នាក់ ក៏សូមជូនពរឱ្យសម្ដេចទាំងទ្វេ មានសុខភាពល្អ នឹងបន្តដឹកនាំដល់កូនចៅនិងប្រទេសកម្ពុជាតរៀងទៅ ។ 

ឆ្លៀតឱកាសពេលនេះ ជនរងគ្រោះបានអរគុណទៅដល់ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក គី តិច ប្រធានក្រុមមេធាវីស្ម័ក្សចិត្តតេជោសែន និងមន្ត្រីតុលាការគ្រប់ស្ថានប័ន ព្រមទាំងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានជួយឈឺឆ្អាលយកអាសារជាមួយនឹងរឿងក្តីរបស់ពួកគាត់តាំងពីថ្ងៃកើតដំបូងរហូតមកដល់ពេលនេះ។

សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឧក្រិដ្ឋជន ស្រី ស៊ីណា ជាអតីតឧកញ៉ា បានយកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង និងគូរដណ្ដឹងឈ្មោះ ឃីន កញ្ចនា បណ្តាលឱ្យស្លាប់ និងបានបាញ់ទៅលើមនុស្សប្រុស ០២ នាក់ទៀត ជាច្រើនគ្រាប់ បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។ ក្រោយកើតហេតុ ឧក្រិដ្ឋជន ស្រី ស៊ីណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មកត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសំណុំរឿង ចំនួន ០៣ ដាច់ដោយឡែកពីគ្នាគឺ៖ សំណុំរឿងទី១ ពីបទ «ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត», សំណុំរឿងទី២ ពីបទ «ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» និង សំណុំរឿងទី៣ ពីបទ «រំលោភលើលំនៅឋាន»។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមព្រហ្មទណ្ឌលើសំណុំរឿងទាំង៣ ដោយផ្តន្ទាទោស ឧក្រដិដ្ឋជន ស្រី ស៊ីណា ដាក់ពន្ធនាគារសរុប ៣១ឆ្នាំ និងសងជម្ងឺចិត្ត ១លានដុល្លារអាមេរិកឪពុកជនរងគ្រោះ ឃីន កញ្ចនា ដែលបានស្លាប់ និង ១លាន ៥ម៉ឺនដុល្លារអាមេរិកទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់ និងសងជម្ងឺចិត្ត ៣០ម៉ឺនដុល្លារអាមេរិក ទៅជនរងគ្រោះ សុខុម ចរណៈ និង ២០ម៉ឺនដុល្លារអាមេរិក ទៅជនរងគ្រោះ ហុង រិទ្ធារ័ក្ស។

ក្រោយការសម្រេចបែបនេះ របស់សាលាដំបូងរាជធានីភ្នំពេញ ឧក្រិដ្ឋនជន ស្រី ស៊ីណា បានប្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ ហើយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាដោយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ លុះក្រោយមកឧក្រិដ្ឋនជន ស្រី ស៊ីណា នៅតែបន្តប្ដឹងជំទាស់សាលក្រមនេះទៅកាន់តុលាការកំពូល ទើបនៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ តុលាការកំពូលសម្រេចតម្កល់សាលក្រមផ្តន្ទាទោស ឧក្រិដ្ឋជន  ស្រី ស៊ីណា  ដាក់ពន្ធនាគារ ចំនួន ៣១ឆ្នាំ និងសងសំណង ចំនួន ២លាន ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដូចការសម្រេចរបស់តុលាការថ្នាក់ក្រោមទាំងពីរថ្នាក់៕