2025-08-17 11:04
20

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែសីហា មានរយៈពេល១៩ថ្ងៃ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន មិនទាន់ដោះលេងមកវិញនៅឡើយទេ។


អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់ក្នុងសន្និសីទ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សារជាថ្មីថា «ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ១៩ថ្ងៃ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥»។

អ្នកនាំពាក្យក្រសួងការពារជាតិ  បានបញ្ជាក់ថា «កម្ពុជាបន្តទាមទារឱ្យដោះលែងកងកម្លាំងកម្ពុជាទាំង១៨រូប ដែលត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ ត្រូវដោះលេងឱ្យត្រឡប់មកវិញយ៉ាងឆាប់រហ័សបំផុត និងសុវត្ថិភាព ដើម្បីឱ្យពួកគេបានជួបជុំក្រុមគ្រួសារកំពុងរងចាំយ៉ាងអន្ទះសារទាំងយប់ទាំងថ្ងៃ»។

ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងសហគមន៍អន្តរជាតិនឹងមានភាពច្បាស់លាស់ក្នុងការទាមទារ ឱ្យប្រទេសថៃរក្សាកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនបោះបង់ចោល ឬទុកសមាជិកគ្រួសាររបស់យើងណាម្នាក់ឱ្យនៅឯការឡើយ។

សូមជម្រាបថា នៅព្រឹកថ្ងៃអាទិត្យនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនយោធភូមិភាគទី៤ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ខណៈកងកម្លាំងរបស់កម្ពុជាស្ថិតក្នុងសភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកឱ្យខានតែបាន៕