2025-08-17 10:48
21

ភ្នំពេញ៖ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានសំដែងការហួសចិត្ត ដែលភាគីថៃ យកគ្រាប់មីន PMN-2 មិនទាន់ដកគន្លឹះមកសំដែងប្រាប់បណ្តាលអង្គទូតបរទេស និងគ្រាប់មីន PMN-2 ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុងតែម្តង។

នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោក ហេង រតនា បានសរសេរបញ្ជាក់ថា៖ «គ្រាន់តែចង់ជម្រាបជូនអំពីគ្រាប់មីន PMN-2 សំដែង និងគ្រាប់មីនPMN-2 ដាក់សម្រាប់ជាន់ផ្ទុះ វាខុសគ្នាទាំងស្រុង»។

អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់បន្ថែមថា៖ «គ្រាប់មីន PMN-2 ដែលសៀមដាក់បង្ហាញនៅលើតុដែលពន្យល់ថារកឃើញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពដើម្បីបង្កផ្ទុះឡើយ។ តាមធម្មតា និងបច្ចេកទេសប្រសិនការដាក់មីន ដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហើយ បើមិនដក គឺជាន់មិនផ្ទុះនោះទេ!»៕