
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ៖ ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជាថ្មីដល់សាធារណជនទាំងក្នុង និងក្រៅប្រទេសថា កម្ពុជាចង់បានសន្តិភាព និងកំពុងគោរពយ៉ាងសកម្មនូវកិច្ចព្រមព្រៀងឈប់បាញ់ដោយអត់ធ្មត់បំផុត។ ការប្តេជ្ញាចិត្តនេះបង្ហាញថា កម្ពុជាស្វែងរកការដោះស្រាយបញ្ហាព្រំដែន តាមរយៈមធ្យោបាយសន្តិវិធី និងការចរចាដោយស្មោះត្រង់ ប្រើប្រាស់យន្តការបច្ចេកទេស និងអន្តរជាតិ ជាជាងប្រើកម្លាំងយោធា។
គោលដៅដើម្បីរស់នៅដោយសន្តិភាព គឺត្រូវបានបន្ទរដោយមេដឹកនាំកម្ពុជា និងប្រជាពលរដ្ឋរបស់យើងទាំងក្នុង និងក្រៅប្រទេស។ ថ្វីត្បិតតែជាប្រទេសតូចមួយដែលមានចំនួនប្រជាជនមានកម្រិតក៏ដោយ ក៏កម្លាំងដ៏ខ្លាំងបំផុតរបស់កម្ពុជាស្ថិតនៅលើការរួបរួម និងសាមគ្គីភាពរបស់ប្រជាពលរដ្ឋជុំវិញមេដឹកនាំរបស់ពួកគេ។
ឯកភាពជាតិនេះបានជំរុញឲ្យមានការរួបរួមជាតិដ៏រឹងមាំ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
ជំហរសន្តិភាពរបស់កម្ពុជា និងសាមគ្គីភាពក្នុងចំណោមប្រជាជនបានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ។
ហើយសហគមន៍អន្តរជាតិបាននិងកំពុងតាមដានយ៉ាងដិតដល់នូវដំណោះស្រាយដោយសន្តិវិធីនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលកំពុងចូលជាធរមាននាពេលបច្ចុប្បន្ន។
ក្នុងបរិបទនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស បន្តការអត់ធ្មត់ ប្រកាន់ខ្ជាប់នូវសុច្ចរិតភាព និងភាពចាស់ទុំ ហើយជឿជាក់លើការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំរបស់យើងក្នុងការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី ជៀសវាងការកើតមានការប៉ះទង្គិចគ្នាដោយអាវុធឡើងវិញ។
កម្ពុជាសង្ឃឹម និងជឿជាក់ថា ភាគីថៃក៏មានឆន្ទៈក្នុងការស្វែងរកសន្តិភាព និងដំណោះស្រាយដោយសន្តិវិធីផងដែរ ៕
