
ភ្នំពេញ៖ លោកឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥នេះ បានជម្រាបជូនជនរួមជាតិ និងសាធារណជនទូទៅមេត្តាជ្រាបថា «នៅថ្ងៃស្អែកនេះ មិនមានការរៀបចំ កម្មវិធីដើរថ្មើរជើង ថ្ងៃ១៨សីហាខាងមុខទេ»។
លោក ហ៊ុន ម៉ានី បានបន្ថែមថា ថ្មីៗនេះ មានគណនីបណ្តាញសង្គមមួយចំនួនបានបង្ហោះវីដេអូ ដែលដកស្រង់កិច្ចសម្ភាសមួយរបស់ខលោកកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយភ្ជាប់ខ្លឹមសារថា “នឹងមានការដង្ហែថ្មើរជើងមួយទៀត នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ”។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់សារជាថ្មីថា វីដេអូនេះ ជាវីដេអូចាស់ ដែលកិច្ចសម្ភាសនេះ មានគោលបំណងអំពាវនាវឱ្យមានការចូលរួមព្រឹត្តិការណ៍ «ដំណើរថ្មើរជើងបង្ហាញការរួបរួមជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ (Solidarity March)» ដែលត្រូវបានប្រព្រឹត្តទៅ តាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥មកម្លេះ។
លោកពុំមានគម្រោង ដឹកនាំរៀបចំ ឬចូលរួមកម្មវិធីជួបជុំណាមួយ នៅថ្ងៃទី១៨ ខែសីហានោះទេ៕
