
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា នេះ បានលើកឡើងថា កម្ពុជាបានបង្ហូតទង់ជាតិយ៉ាងខ្ពស់ត្រដែត លើកកម្ពស់ប្រទេសជាតិឱ្យស្មើមុខ ស្មើមាត់ដូចទៅនឹងប្រទេសធំៗនានា ក្នុងការបរិច្ចាគកម្លាំង ចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះយើងបានធ្វើការបញ្ជូនកម្លាំង សរុបទាំងអស់បានចំនួន ៩ ១៩៩ នាក់ នៅក្នុងបណ្តាប្រទេសជាច្រើន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងទៀតថា កងកម្លាំងកម្ពុជា ចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ រួមមានដូចជា៖ ប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសស៊ីរី ប្រទេសឆាដ ប្រទេសលីបង់ ប្រទេសសាយព្រើស ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសយេម៉ែន។
ក្នុងនោះដែរ បេសកកម្មនៅសាធារណរដ្ឋស៊ីរី សាធារណរដ្ឋឆាដ សាធារណរដ្ឋសាយព្រើស និងសាធារណរដ្ឋយេម៉ែន ត្រូវបានបញ្ចប់ជាស្ថាពរ។
ជាមួយនឹងមោទនភាពនេះ កម្ពុជាត្រូវបានគេវាយតម្លៃថា ជាប់ចំណាត់ថ្នាក់លេខរៀងទី២៧ ក្នុងចំណោម ១១៩ ប្រទេស ដែលបានលះបង់កងម្លាំងចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងឈរលំដាប់លេខ៣ នៅក្នុងបណ្តាប្រទេសអាស៊ាន៕
