
ថៃ៖ កាសែតថៃ Khoasod បានចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ មុនបន្តិចថា ៖ លោកឧត្តមសេនីយទោ Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២ បាននិយាយអំពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលធ្វើឡើយ នៅប្រទេសម៉ាឡេស៊ី ដោយនិយាយថារហូតដល់ពេលនេះ លោកមិនទាន់ដឹងថាកិច្ចប្រជុំ(GBC) នេះពិភាក្សាអំពីអ្វីនោះទេ ប៉ុន្តែលោកសង្ឃឹមថាវានឹងដំណើរការល្អ ហើយនឹងសម្រេចបាននូវកិច្ចព្រមព្រៀងល្អបំផុត។
ចំពោះបញ្ហាព្រំដែនដែលកំពុងតែមានភាពតានតឹងនេះ លោក ប៊ុន ស៊ីន មេភូមិភាគ២ថៃ ថា៖ ក្រោយថ្ងៃទី៧ សីហានេះ អ្វីៗអាស្រ័យលើលក្ខខណ្ឌរបស់មេដឹកនាំនៃប្រទេសទាំងពីរ ដែលជួបពិភាក្សាគ្នា និងអាចទទួលយកលក្ខខណ្ឌគ្នាទៅវិញទៅមក វានឹងបញ្ចប់ដោយងាយ ប៉ុន្តែតែមិនអាចទស្សន៍ទាយបានថាលទ្ធផលនឹងទៅជាយ៉ាងណានោះទេ ។ មេភូមិភាព២ថៃ រូបនេះបានបញ្ជាក់ពីជំហររបស់ខ្លួនថា «កងទ័ពថៃនឹងមិនដកថយនោះទេ ព្រោះកំពុងប្រតិបត្តិការលើទឹកដីអធិបតេយ្យភាពរបស់ខ្លួន »។
លោកបានបន្ថែមថា ទាក់ទងនឹងសន្តិសុខព្រំដែនកងទ័ពនៃប្រទេសទាំងពីរបាន និងកំពុងអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានពិភាក្សាដោយរដ្ឋាភិបាលទាំងពីរ ដើម្បីសន្តិភាពនៅតំបន់ព្រំដែន និងបានរួមបញ្ចូលគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានៅតំបន់តានតឹងនេះ ឥឡូវនេះស្ថានការណ៍បានប្រសើរឡើងហើយ ។
យ៉ាងណាមិញថៃមិនចោលចរិក និងពុតត្បុតល្បិចកិច្ចកលមាត់និយាយផ្សេងទង្វើផ្សេងនោះឡើយ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នេះ យោធាថៃបានបញ្ចូនកម្លាំងប្រដាប់អាវុធគ្រប់ដៃ និងគ្រឿងចក្រចូលមកតំបន់អានសេះ និងតំបន់ផ្សេងទៀត ដែលជាដែនអធិបតេយ្យរបស់កម្ពុជា និងបានរាយបន្លាលួស បើទោះបីជាមានការហាមឃាត់ពីកងទ័ពកម្ពុជាយ៉ាងណាក៏ដោយ។ ទង្វើនេះបានរំលោភបទឈប់បាញ់យ៉ាងគឃ្លើនពីភាគីថៃ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ។

