
ថៃ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា នេះ កងទ័ពភូមិន្ទថៃ បានចេញមកបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា ១៨នាក់ ដែលនៅសេសសល់ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ហើយពួកគេនឹងអនុញ្ញាតឲ្យធ្វើមាតុភូមិនិវត្តន៍វិញ នៅពេលដែលជម្លោះប្រដាប់អាវុធបានបញ្ចប់ទាំងស្រុងដោយអនុលោមតាមបទប្បញ្ញត្តិនៃអនុសញ្ញាទីក្រុងហ្សឺណែវ។
តាមការចេញផ្សាយពីសារព័ត៌មានថៃ Amarintv នៅថ្ងៃទី៤ សីហា នេះ កងទ័ពភូមិន្ទថៃ បានចេញមកបញ្ជាក់សារជាថ្មីថា បន្ទាប់ពីការឃុំខ្លួន កងកម្លាំងរបស់កម្ពុជា ១៨ រូប ពួកគេបានផ្លាស់ប្តូរកងកម្លាំងទាំងអស់ ចេញពីតំបន់គ្រោះថ្នាក់នៃការប្រយុទ្ធ ទៅកាន់តំបន់សុវត្ថិភាពក្រោមការទទួលខុសត្រូវនៃតំបន់កងទ័ពទីពីរ។
ក្រោយពីនោះ កងកម្លាំងរបស់កម្ពុជា ទាំងអស់ ត្រូវបានផ្តល់ជំនួយជាមូលដ្ឋាន រួមមានអាហារ ទឹកផឹក សំលៀកបំពាក់ ការពិនិត្យរាងកាយ និងសុខភាពដោយក្រុមគ្រូពេទ្យ រួមនិងការព្យាបាលផ្សេងៗ ស្របតាមក្របខ័ណ្ឌនៃច្បាប់មនុស្សធម៌អន្តរជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែសីហា កន្លងទៅ កងកម្លាំងទាហានកម្ពុជា ចំនួន ០២ រូបក្នុងចំណោម ១៨រូប ដែលត្រូវបានយោធាថៃ ប្រើល្បិចបក់ដៃហៅដើម្បីចាប់ដៃស្វាគមន៍រួចភ្ជង់ព័ន្ធចាប់ ក្រោយបទឈប់បាញ់គ្នាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ចូលជាធរមាននោះ ត្រូវបានភាគីថៃ បញ្ជូនមកដល់ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តមានជ័យ នៅវេលាម៉ោង ១០និង៥៦នាទីព្រឹក ។
ក្រោយការបញ្ជូន កងកម្លាំងទាហានកម្ពុជា ចំនួន ០២ រូប មកមាតុប្រទេសវិញ កងទ័ពភូមិន្ទថៃ បានលើកឡើងថា ការដែលពួកគេភ្ជង់ចាប់កងកម្លាំងទាហានកម្ពុជា គឺមិនមែនជារឿងដែលខុសច្បាប់នោះទេ។
បន្ថែមពីនេះ កងទ័ពភូមិន្ទថៃរូបនេះ បន្តអះអាងថា វាមិនមែនជាការរឹតត្បិតសិទ្ធិមនុស្សទេ ប៉ុន្តែជាយន្តការសម្រាប់ការពារសិទ្ធិមនុស្សក្នុងសម័យសង្គ្រាម។ ហើយកងទ័ពភូមិន្ទថៃនៅតែប្តេជ្ញាចិត្តចំពោះគោលការណ៍សិទ្ធិមនុស្សជានិច្ច៕
