
តៃប៉ិ៖ មនុស្ស ៤នាក់ បានស្លាប់ និងជាង ៥,៩០០ នាក់ ត្រូវបានជម្លៀសចេញជាបន្ទាន់ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ បន្ទាប់ពីកោះនេះទទួលរងការវាយប្រហារពីកម្លាំងភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ដែលបណ្តាលឱ្យមានការរអិលបាក់ដី និងទឹកជំនន់យ៉ាងគំហុកបានកើតឡើង។
តាមការរាយការណ៍ពីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី៤ សីហា នេះបានឲ្យដឹងថា ចាប់តាំងពីចុងខែកក្កដា កន្លងទៅរហូតដល់ដើមខែសីហា នេះ យ៉ាងហោចណាស់មនុស្ស ៣ នាក់កំពុងបាត់ខ្លួន និង ៧៧ នាក់បានរងរបួស នៅពេលដែលមានភ្លៀង អមនិងខ្យល់ព្យុះខ្លាំង នៅភាគនិរតី បណ្តាលឱ្យកើតមានទឹកជំនន់ និងការរអិលបាក់ដី រាលដាលដល់ភាគខាងត្បូងនៃកោះតៃវ៉ាន់ ដែលជាតំបន់សំខាន់សម្រាប់វិស័យកសិកម្មរបស់កោះនេះ៕
