2025-08-03 16:42
169

 

 

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេសរបស់ថៃ បានឆ្លើយតបចំពោះញត្តិរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំពោះកងទ័ពកម្ពុជាដែលកំពុងត្រូវបានឃុំខ្លួន ដោយភាគីថៃបានបញ្ជាក់ថា៖ «ប្រទេសថៃត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយនឹងសហគមន៍អន្តរជាតិក្នុងការ ផ្ទៀងផ្ទាត់ការពិត។ ក្នុងន័យនេះ ប្រទេសថៃបានអញ្ជើញតំណាងមកពីគណៈកម្មាធិការកាកបាទក្រហមកម្ពុជា អន្តរជាតិនិងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីចុះសួរសុខទុក្ខកងទ័ពកម្ពុជា ដែលកំពុងជាប់ឃុំ»

ការឆ្លើយតបរបស់ក្រសួងការបរទេសថៃ នៅពេលនេះ គឺបន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិស្នើសុំអន្តរាគមន៍លើករណី ឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបញ្ជូនកងទ័ពកម្ពុជា ចំនួន ០២រូប ក្នុងចំណោមកងទ័ព ចំនួន ២០ រូប ដោយកងទ័ពថៃជូនទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងប្រធានប្តូរវេនរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។

ទន្ទឹមនោះដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិកម្ពុជា កុំឱ្យមានការព្រួយបារម្ភជុំវិញសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា ព្រោះប្រទេសថៃ បានបង្ហាញពីសុឆន្ទៈក្នុងការសហការជាមួយនឹងសហគមន៍ និងអង្គការអន្តរជាតិ នានា ដើម្បីចុះទៅពិនិត្យមើលស្ថានភាពរបស់កងទ័ពកម្ពុជា ដែលកំពុងជាប់ឃុំ។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា៖ «ក្រសួងការបរទេសថៃ បានឆ្លើយតបទៅនឹងលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយបង្ហាញពីសុឆន្ទៈក្នុងការសហការជាមួយនឹងសហគមន៍ និងអង្គការអន្តរជាតិនានា ដើម្បីចុះទៅពិនិត្យមើលស្ថានភាពរបស់កងទ័ពកម្ពុជា ចំនួន ១៨ រូប ដែលកំពុងឃុំខ្លួន។ សហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិនានា កំពុងផ្តោតទៅលើទាហ៊ាន ១៨ រូប របស់យើង។ យើងអំពាវនាវឲ្យដោះលែងវីរកងទ័ពទាំង១៨រូបត្រឡប់មកវិញ ដើម្បីកសាងទំនុកចិត្តនៃប្រទេសទាំងពីរ»