2025-08-03 12:20
13

ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ASEAN Interm Observers Team ដែលមាន ៧ ប្រទេសដឹកនាំដោយអនុពន្ធយោធាម៉ាឡេស៊ី នឹងចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។

ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី និងមានការចូលរួមពីបណ្តាប្រទេសចំនួន៦ ដូចជា៖ ប្រទេសឥណ្ឌូនេស៊ី, ប្រទេសឡាវ, ប្រទេសមីយ៉ាន់ម៉ា, ប្រទេសហ្វីលីពីន, ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម។

ក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ទាំង ៧ ប្រទេស នឹងអញ្ជើញទៅសង្កេតការណ៍នៅបណ្តាទីតាំងមួយចំនួនដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចមួយបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកអង្កេតការណ៍ដែលដឹកនាំដោយ ប្រទេសម៉ាឡេស៊ី មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។ 

ដោយក្រុមសម្របសម្រួលនោះ រួមមាន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិជាប្រធាន, លោក គង់ ភោគ អ្នកនាំពាក្យក្រសួងការបរទេស ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀតមកពីអគ្គបញ្ជាការដ្ឋានកងទ័ព អគ្គស្នងការនគរបាលជាតិ បញ្ជាការកងទ័ពជើងគោក។

សូមរំឭកថា ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ បានចាប់ផ្តើមកាលពីព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលផ្តើមឡើងមុខដោយយោធាថៃ បានបាញ់ប្រហារមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំ ដែលជាអធិបតេយ្យរបស់កម្ពុជា និងបន្តពង្រីកសមរភូមិប្រយុទ្ធជាច្រើនកន្លែង។ 

ការប្រយុទ្ធរយៈពេល៥ថ្ងៃយោធាថៃ បានប្រើប្រាស់កាំភ្លើងធំគ្រប់ប្រភេទ រួមទាំងយន្តចម្បាំងទម្លាក់គ្រាប់បែក MK-84 ដ្រូនអត្តឃាត ប្រើប្រាស់គ្រាប់បែកចង្កោម យន្តហោះបាញ់ផ្សែងគីមីពុល ដែលសុទ្ធតែប្រភេទអាវុធដែលច្បាប់អន្តរជាតិហាមឃាត់៕