2025-08-03 12:13
15

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស បានឱ្យដឹងថា ចាប់ពីវេលាម៉ោង ១១និង០០នាទី នៅថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥ សហគមន៍ខ្មែរ ប្រចាំចក្រភពអង់គ្លេស បានមូលមតិគ្នាក្នុងការប្រមូលផ្តុំដោយសន្តិវិធី នៅ Trafalgar Square ទីក្រុងឡុងដ៍ ក្នុងគោណបំណង ដើម្បីជំរុញការអនុវត្តពេញលេញនូវបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំអង់គ្លេស បានឱ្យដឹងថា «ការប្រមូលផ្តុំនេះមានគោលបំណងសម្តែងអំណរគុណដល់គ្រប់តួអង្គ ដែលបានរួមចំណែកដល់ការសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ និងដើម្បីជំរុញការអនុវត្តពេញលេញនូវបទឈប់បាញ់នេះ»។ ហេតុដូចនេះ សកម្មភាពនៃការប្រមូលផ្តុំខាងលើនឹងផ្តោតលើខ្លឹមសារ ៣ សំខាន់ៗ ដូចខាងក្រោម៖

ទី១៖ ថ្លែងអំណរគុណគ្រប់ភាគីដែលបានរួមចំណែក ជំរុញឱ្យមានកិច្ចព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជាពិសេស លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក, លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, សាធារណរដ្ឋប្រជាមានិតចិន និងសហគមន៍អន្តរជាតិ នានាផងដែរ។

ទី២៖ អំពាវនាវភាគីពាក់ព័ន្ធអនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន និងការគាំទ្រឱ្យមានយន្តការត្រួតពិនិត្យបទឈប់បាញ់។

ទី៣៖ ជំរុញការដោះស្រាយបញ្ហាដោយសន្តិវិធី ប្រកបដោយយុត្តិធម៌ ស្របតាមច្បាប់អន្តរជាតិ ដើម្បីអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងថៃ រួមរស់ជាអ្នកជិតខាងល្អដោយសុខដុម។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នៅចក្រភពអង់គ្លេស ចូលរួមក្នុងសកម្មភាពខាងលើនេះ ឱ្យបានច្រើនកុះករ តាមការគួរ។ សម្រាប់អ្នកចូលរួមអាចធ្វើការរៀបចំផ្ទាំងផ្សព្វផ្សាយផ្សេងៗ ដោយផ្តោតលើចំណុចទាំង ៣ ខាងលើ ដូចមានខ្លឹមសារជូនភ្ជាប់។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស សូមស្នើបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលអញ្ជើញចូលរួម មេត្តាប្រកាន់នូវសេចក្តីថ្លៃថ្នូរ និងស្មារតីទទួលខុសត្រូវខ្ពស់ឱ្យស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌ខ្ពង់ខ្ពស់ និងស្មារតីស្នេហាសន្តិភាព៕