2025-08-03 12:32
15

ភ្នំពេញ៖ ជាការឆ្លើយតបទៅនឹងអំពាវនាវឱ្យមានការចរចារ របស់អ្នកនាំពាក្យក្រសួងការបរទេសថៃ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញនេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់សារជាថ្មីប្រាប់ភាគីថៃ ថា ការតាំងចិត្តដោយឥតងាករេរបស់កម្ពុជា ចំពោះដំណោះស្រាយបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី គ្រប់បញ្ហាស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងអនុស្សារណៈនៃការយោបយល់គ្នាឆ្នាំ២០០០ (MoU200)។

នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាវេលាម៉ោង ១១និង០០នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥ នេះ។

អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងទៀតថា៖ «ក្នុងពេលដែលកម្ពុជាធ្វើការកត់ត្រាការអំពាវនាវរបស់ភាគីថៃ សូមសំដែងការសោកស្តាយនូវការលើកឡើងរបស់ថៃ ពុំមានសុគ្រឹតភាព ទៅនឹងការពិតដែលបានកើតមានឡើង។ 

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យភាគីថៃធ្វើការឱ្យមានការស៊ីគ្នារវាងពាក្យសម្តី និងសកម្មភាពជាក់ស្តែងតាមរយៈការជៀសវាងការបង្ករឿង ការគោរពកិច្ចព្រមព្រៀងឈប់បាញ់ ហើយនឹងការធានាការប្រព្រឹត្តស្របតាមគោលការណ៍មនុស្សធម៌ ព្រមទាំងដោះលែងជាបន្ទាន់កងកម្លាំងយោធាកម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ»។

លោក ជុំ សុន្ទរី បានថ្លែងទៀតថា៖ «កម្ពុជា អំពាវនាវឱ្យភាគីថៃបង្ហាញនូវការតាំងចិត្តដ៏ពិតប្រាកដក្នុងដំណើរការស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្នុងក្របខណ្ឌច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នា បញ្ឈប់នូវអំពើជាឯកតោភាគី ហើយចូលរួមដោយស្ថាបនាក្នុងកិច្ចពិភាក្សាផ្នែក ទៅលើឯកសារដែលបានទទួលស្គាល់ទៅវិញទៅមករវាងប្រទេសទាំងពីរ។ 

កម្ពុជាបានបង្ហាញជាប់ជាប្រចាំនូវសុឆន្ទៈក្នុងការចូលរួមដោយសុទ្ធចិត្តក្នុងការចរចារជាមួយភាគីថៃ»។ 

លោកបានបន្ថែមថា៖ «កម្ពុជា បានចូលរួមយ៉ាងពេញលេញនូវការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបើកចំហរនូវកិច្ចសន្ទនាដោយស្មោះស្ម័គ្រឥតងាករេ»។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់សារជាថ្មីថា៖ «កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចការងារដោយជិតស្និតជាមួយភាគីថៃ និងដៃគូរអន្តរជាតិនានា ដើម្បីធានាឱ្យបានដំណោះយុត្តិធម៌ ដោយសន្តិវិធី និងស្ថិតស្ថេសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ»៕