2025-07-29 20:03
20

ឧត្តមានជ័យ៖ «ស្មារតីខ្មែរតែ១» គណៈប្រតិភូក្រសួងបរិស្ថាន សប្បុរសជន រួមជាមួយអាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋស្រុកអូររាំងឪ បាននាំយកអំណោយ ទៅផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក និងកងទ័ពកម្ពុជានៅជួរមុខ នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

គណៈប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយ ក្រុមការងារស្រ្តីនិងកុមារ សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន យុវជននៃសហភាពសព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន (សសយក) យុវជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមមូលដ្ឋាន អាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ រួមជាមួយសប្បុរសជនមួយចំនួនទៀត បានរួមសាមគ្គីគ្នាក្នុងស្មារតីខ្មែរតែ១ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ជាច្រើន និងថវិកាមួយចំនួនទៀត ទៅផ្ដល់ជូនប្រជាពលរដ្ឋ ភៀសសឹក ពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងជំរំសុវត្ថិភាព និងកងទ័ពកម្ពុជានៅជួរមុខ នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

សកម្មភាពក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ មាតុភូមិកម្ពុជានៃមហាគ្រួសារខ្មែរនៃក្រុមគ្រួសារបរិស្ថាន និងប្រជាជនស្រុកអូររាំងឪ ក៏ដូចជានៅខេត្តត្បូងឃ្មុំ បានបន្តបង្ហាញចេញពីទឹកចិត្តរបស់ខ្លួន កៀរគរ ចូលរួមដោយចិត្តស្អាតបរិសុទ្ធ ទោះតិចក្តី ច្រើនក្តី ជាការសាមគ្គីគ្នា បន្តនាំយកថវិកា សម្ភារប្រើប្រាស់  និងគ្រឿងឧបភោគ បរិភោគផ្សេងៗ តាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងឧបត្ថម្ភដល់ជន ភៀសសឹកដោយផ្ទាល់ ដែលកំពុងត្រូវការជំនួយជាចាំបាច់ នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ 

ជាមួយគ្នានេះ ការនាំយកនូវជំនួយទាំងនេះ ធ្វើឡើងតបតាមគំនិតផ្តួចផ្តើមនិងដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងពេលកន្លងមក ស្តីពីការចូលរួមគាំទ្រដល់ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយភាពស្វាហាប់និងវាងវៃបំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ការពារបូរណភាពដែនដី និងមាតុភូមិកម្ពុជា និងការគាំទ្រដោយស្មោះស្មគ្រចំពោះដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហាននៅជួរមុខ និងជនភៀសសឹកនៅតាមភូមិសាស្រ្ត តំបន់ព្រំដែនកម្ពុជា-ថៃ៕