
ភ្នំពេញ៖ ក្រោយកើតមានកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ ដោយឥតលក្ខខណ្ឌ រវាងកងទ័ពកម្ពុជា-ថៃ ដោយមានការយលព្រម និងឯកភាពគ្នពីថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លទ្ធផលជាវិជ្ជមានក្រោយ “បទឈប់បាញ់” ចូលជាធរមាន គឺការអនុវត្តកិច្ចព្រៀមឱ្យទទួលបានជោគជ័យនោះសង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសមកវិញដោយសន្តិភាព។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កងទ័ពនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានអនុវត្តគោរពកិច្ចព្រមព្រៀងនេះ និងបង្កើតទំនាក់ទំនងជាមួយគ្នា ព្រមទាំងបើកកិច្ចប្រជុំកម្រិតមេបញ្ជាការភូមិភាគនៃប្រទេសទាំងពីដែលទទួលខុសត្រូវតាមព្រំដែនទទួលបានផ្លែផ្លាប្រកបដោយភាពជោគជ័យគួរឱ្យកក់សម្គាល់ ហើយប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេនបច្ចុប្បន្ន ដែលដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានអញ្ជើញមកដល់កម្ពុជា ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ ផ្ទៀងផ្ទាត់ ដោយបង្កើតក្រុមអ្នកអង្កេតការណ៍ ដើម្បីតាមដាន និងត្រួតពិនិត្យលើកិច្ចការនេះ។
លោកឧស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបានបញ្ជាក់ថា៖ «ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា បានបណ្តាអង្គទូតអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចុះពិនិត្យមើលទាំងទីតាំង និងស្ថានភាពជាក់ស្តែងជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ និងបានកំណត់យកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខ ដើម្បីប្រជុំគណៈកម្មការដោះស្រាយព្រំដែនទូទៅ (CBC) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ»។
ជាជំហានបន្ទាប់ទៀត ដើម្បីជាវិធានការនៃការអនុវត្តបទឈប់បាញ់ ពេញលេញ និងម៉ឺងម៉ាត់ដោយការឯកភាពឱ្យមានប្រសិទ្ធភាព អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា៖ «ត្រូវបង្កើតឱ្យមាននូវយន្តការមួយឡើងក្នុងនោះក្រុមអង្កេតការណ៍នឹងត្រូវបង្កើតឡើង ដើម្បីផ្ទៀងផ្ទាត់ ធានាការអនុវត្តលើបទឈប់បាញ់។ រហូតដល់ពេលនេះម៉ាឡេស៊ីដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានបញ្ជាគណៈប្រតិភូពិសេសដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា បានធ្វើដំណើរមកដល់កម្ពុជា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះម្សិលមិញ»។
អ្នកនាំពាក្យបានបញ្ជាក់ថា៖ «នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមអ្នកអង្កេតការណ៍មានអនុព័ន្ធយោធាម៉ាឡេស៊ី ជា “ប្រធាន” ដើម្បីចេញទៅអង្កេតការណ៍ក្នងគោលបំណងធ្វើឱ្យប្រាកដនូវនិតិវិធី ដំណើរការនៃការអនុវត្តកិច្ចព្រមព្រៀមបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះនាយឧត្តមសេនីយ៍នឹងបង្កើតក្រុមអ្នកអង្កេតការណ៍ ចំនួន ០២ ក្រុម គឺ មួយក្រុមមានអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ជា “ប្រធាន” និងមួយក្រុមទៀតមានអនុព័ន្ធយោធានប្រចាំប្រទេសថៃ ជា “ប្រធាន” ដើម្បីចេញអង្កេតការណ៍ក្នុងថ្ងៃនេះដូចគ្នា»។
ក្រោយមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងក្រុមការងារបានចុះអង្កេតការណ៍នៅតាមព្រំដែនមានជម្លោះរវាងកម្ពុជា-ថៃ នៅយប់ថ្ងៃទី២៩ ខែកក្កដានេះ ដើម្បីធ្វើកិច្ចការងារជាមួយអគ្គមេបញ្ជាកាភូមិន្ទថៃ មេបញ្ជាការភូមិទី១ និងទី២ របស់ភាគីថៃ និងមេបញ្ជាការយោធភូមិភាគទី៤ និងទី៥ របស់កម្ពុជា។
នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា បានសម្តែងនូវសុទិដ្ឋិនិយមថា “សន្តិភាព”នឹងទទួលបានពិតប្រាកដមានរយៈពេលវែងយូអង្វែងតាមរយៈកិច្ចខិតខំប្រឹងប្រែង តម្លាភាព និងជឿងទុកចិត្តគ្នាទៅវិញទៅមក។ កម្ពុជាបានប្តេជ្ញាចិត្តគោរព និងអនុវត្តលក្ខខណ្ឌនៃសេចក្តីប្រកាសរួមបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ហើយកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ការរួមរស់នៅជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការដោះស្រាយប្រកបដោយយុត្តិធម៌ និងយូអង្វែងគ្រប់ស្ថានការណ៍។
កងទ័ពកម្ពុជា គាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមច្បាប់អន្តរជាតិ និងដោះស្រាយតាមនិតិវិធី ព្រោះកម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕

_1753849137.jpg)