2025-07-30 11:31
14

លោក Sean O'Neill ជាបេក្ខភាពអនាគត់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ កាលពីថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានស្តីបន្ទោសរដ្ឋាភិបាលក្រុងបាងកក ក្នុងរឿងជម្លោះព្រំដែនជាមួយកម្ពុជា វាគ្មានផលប្រយោជន៍អ្វីសម្រាប់ប្រជាជនថៃ និងសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ។ ផ្ទុយទៅវិញមានតែធ្លាក់ចុះកាន់ខ្សោយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។

ការស្តីបន្ទោសរបស់ លោក Sean O'Neill ជាមន្ត្រីការបរទេសអាជីពដែលធ្លាប់បានបំពេញការងារពីរដងក្នុងនាមជាអ្នកការទូតនៅក្នុងប្រទេសថៃ ហាក់មិនពេញចិត្តចំពោះទង្វើរបស់ប្រទេសថៃ ធ្វើទៅលើប្រទេសកម្ពុជា ដែលនាំឱ្យមានភាពតានតឹង និងប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ។

មន្ត្រីទូតអាមេរិករូបនេះ បានថ្លែងក្នុងកិច្ចប្រជុំរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក អំពីការប៉ះទង្គិចគ្នារយៈពេលប្រាំថ្ងៃរវាងប្រទេសថៃ និងកម្ពុជា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ទាំងយោធា និងជនស៊ីវិល ចំនួន ៤៣ នាក់ និងបានជម្លៀសមនុស្សជាង ៣០ ម៉ឺននាក់ បានផ្លាស់ទីជម្រករស់នៅជាបណ្តោះអាសន្ន។

សូមជម្រាបថា កាលពីថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបចរចារគ្នាជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមថាំ វីឆាយ៉ាឆៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយបានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ដើម្បីបញ្ឈប់ជម្លោះដ៏សាហាវបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ កិច្ចព្រមព្រៀងនោះបានធ្វើឡើងបន្ទាប់ពី លោក Trump បានព្រមានមេដឹកនាំថៃ-កម្ពុជាកាលពីចុងសប្តាហ៍ថា “ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនឹងមិនកើតមានឡើងទេ ប្រសិនបើការប្រយុទ្ធនៅតែបន្ត”។

លោក O'Neill បាននិយាយថា៖ «ខ្ញុំគិតថា រឿងដំបូងដែលខ្ញុំនឹងធ្វើពេលចូលកាន់តំណែងជាឯកអគ្គរដ្ឋទូត នឹងចង្អុលបង្ហាញរដ្ឋាភិបាលក្រុងបាងកកដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់យើងនៅអាស៊ីថា “សង្គ្រាមបែបនេះ ជម្លោះបែបនេះ មិនបានធ្វើអ្វី ដើម្បីជួយប្រជាជនរបស់ពួកគេទេ។ ពួកគេមិនធ្វើអ្វី ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់យើងទេ ពួកគេមិនបានធ្វើអ្វីសោះ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទេសយើងទាំងពីរជួបប្រទះ។ ពួកគេគ្រាន់តែជាការខ្ជះខ្ជាយជីវិតមនុស្ស និងទ្រព្យសម្បត្តិដែលមិនចាំបាច់ប៉ុណ្ណោះ»។

សូមបញ្ជាក់ថា សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ចាប់ផ្តើមកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ នៅតំបន់ប្រាសាទតាមាន់ធំ និងបានពង្រីកដល់តំបន់ផ្សេងៗជាច្រើនទៀតនៅតាមព្រំដែនកម្ពុជា និងក្នុងខេត្តឧត្តមានជ័យ និងព្រះវិហារ និងបង្កឱ្យមានភាពតានតឹងដល់ខេត្តមួយចំនួនទៀតរបស់កម្ពុជា មានខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងកោះកុងផងដែរ។ ការប្រយុទ្ធយ៉ាងឃោរក្នុងរយៈពេល៥ថ្ងៃបានបណ្តាលឱ្យយោធា និងជនស៊ីវិលនៃប្រទេសទាំងពីរបានស្លាប់ និងរងរបួសជាច្រើននាក់ មានជនភៀសសឹងរាប់សែននាក់ ត្រូវផ្លាស់ទីលំនៅ។

ម្យ៉ាងទៀតក្នុងជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរកម្ពុជា-ថៃអ្វីដែលអាក្រក់បំផុត គឺភាគីថៃ បានឈានដល់ការប្រើយន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាស ដ្រូនអន្តឃាត យន្តហោះទម្លាក់គ្រាប់បែកចង្កោម យន្តហោះបាញ់ផ្សែងពុល ព្រមទាំងប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទបាញ់ផ្លោងដាក់មកលើកម្ពុជាទាំងកំរោល រំលោភច្បាប់អន្តរជាតិ និងសន្ធិសញ្ញានៃការហាមឃាត់នានាមានចែកក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិជាដើម៕