
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា លុបចោលកម្ចី រហូតដល់ ៨០ លានរៀល របស់អតិថិជន ឬ អ្នករួមខ្ចីជាយោធិនពលី និងលុបចោលកម្ចី រហូតដល់ ១០ លានរៀល របស់យោធិនពិការ និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខ។ វិធានការនេះ គឺដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំង ដើម្បីរួមគ្នា ជួយសម្រាលបន្ទុកដល់យោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវសេចក្តីណែនាំមួយចំនួន។
គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក ដោយលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគា រនិងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធ នឹងឥណទានរយៈពេល ៦ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើ ប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ
ធនាគារជាតិកម្ពុជា បានបញ្ជាក់ថា៖ បន្ថែមលើចំណុចខាងលើ លុបចោលឥណទាន រហូតដល់ ចំនួន ១០ (ដប់) លានរៀល របស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទាន រហូតដល់ ចំនួន ៨០ (ប៉ែតសិប) លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ព្រមទាំងតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញ ចំពោះអតិថិជន ផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និងលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាព ជាក់ស្តែងដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ សមរភូមិប្រយុទ្ធ៕





