2025-07-30 11:21
14

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់របស់ថៃមកលើកម្ពុជា ថាបាន “រំលោភបទឈប់បាញ់” ដែលការចោទប្រកាន់នេះមានលក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។

តាមក្រសួងការបរទេសកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ។ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលការ ចូលរួមនេះបានជួយគាំទ្រដល់ដំណើរការនៃកិច្ចសន្ទនា។

ក្នុងនាមជាភាគីដែលមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាបទឈប់បាញ់នេះ គឺម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ កងកម្លាំងប្រដាប់អាវុធកម្ពុជា ពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលអាចចាត់ថា ជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា ដែលនេះជាការណ៍ផ្ទុយស្រឡះពីពាក្យចោទប្រកាន់មានលក្ខណៈប្រឌិតនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់រាជរដ្ឋាភិបាលថៃ ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។

រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមានលក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជា គឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ានបច្ចុប្បន្ន ដែលបានរួសរាន់បញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងកម្លាំងការពារជាតិប្រទេសម៉ាឡេស៊ី ទៅប្រទេសថៃ និងមកប្រទេសកម្ពុជា ទាំងព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើការបង្កើតយន្តការលម្អិតសម្រាប់ការអនុវត្ត ការផ្ទៀងផ្ទាត់ និង ធ្វើសេចក្តីរាយការណ៍អំពីបទឈប់បាញ់។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដើម្បីលើកស្ទួយតម្លាភាព និងគណនេយ្យភាព ក្រុមអ្នកសង្កេតការណ៍មួយមិនលំអៀង ដែលមានភារកិច្ចត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងសម្របសម្រួលការអនុវត្តបទឈប់បាញ់ពេញលេញ និងប្រកបដោយប្រសិទ្ធភាព នឹងត្រូវបានបង្កើត ឡើងក្នុងពេលដ៏ឆាប់ ស្របតាមសេចក្តីចែងក្នុងសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំពិសេស ដែល បានប្រព្រឹត្តទៅនៅទីក្រុងពូត្រារៃយ៉ា ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេ ចំពោះការគោរពគោលការណ៍នៃច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយសន្តិវិធី និងស្មារតីរឹងមាំនៃ កិច្ចសហប្រតិបត្តិការពហុភាគី។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមដោយស្ថាបនាជាមួយប្រទេសថៃ ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ យូរអង្វែង និងតាមសន្តិវិធីចំពោះ ស្ថានភាពបច្ចុប្បន្ន ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរទៅ វិញទៅមករបស់ប្រជាជាតិទាំងពីរ៕