
ភ្នំពេញ៖ លោក ប៉ែន បូណា ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធគ្រប់ព័ត៌មានទាំងឡាយណាដែលបានចោទប្រកាន់ថា “កម្ពុជាបានបំពានបទឈប់បាញ់”។ ការផ្សព្វផ្សាយទាំងនោះ គឺជាព័ត៌មានមិនពិត និងប្រឌិតដែលមិនផ្តល់ផលចំណេញទៅដល់ការថែរក្សានូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នានោះឡើយ។
លោក ប៉ែន បូណា បានបញ្ជាក់បែបនេះ ក្នុងការផ្សាយផ្ទាល់ពិសេស សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ប៉ែន បូណា បានបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់គ្នាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយបានចូលជាធរមាននៅម៉ោង២៤ពាក់កណ្តាលអធ្រាត្រយប់ថ្ងៃមិញនេះ។ រាជរដ្ឋាភិបាលចាត់ទុកកិច្ចព្រមព្រៀងនេះ មានតម្លៃជាសារវ័ន្ត ដើម្បីថែរក្សាសុខសន្តិភាពរវាងប្រទេសទាំងពីរកម្ពុជា និងថៃ ក៏ដូចជាស្ថេរភាព និងសន្តិភាពក្នុងតំបន់ផងដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា៖ «ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព គោរពច្បាប់អន្តរជាតិ កម្ពុជាបានគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងខ្ជាប់ខ្ជួន និងបានណែនាំដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនដែលឈរជើងនៅជួរមុខទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ខ្ពស់បំផុត ជាលទ្ធផលកងកម្លាំងរបស់កម្ពុជាបានរក្សាភាពស្ងប់ស្ងាត់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន រហូតមកដល់បច្ចុប្បន្ននេះ»។
លោក ប៉ែន បូណា បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការបដិសេធរាល់ព័ត៌មានទាំងឡាយណាដែលបានចោទប្រកាន់ថា “កម្ពុជាបានបំពានបទឈប់បាញ់” ដោយចាត់ទុករាល់ព័ត៌មានទាំងនោះ គឺជាព័ត៌មានមិនពិត ប្រឌិត ចោទប្រកាន់ដែលមិនបានផ្តល់ផលចំណេញក្នុងការរក្សាកិច្ចព្រមព្រៀងឈប់បាញ់ដែលប្រទេសទាំងពីបានព្រមព្រៀងគ្នានោះឡើយ»។
ជាថ្មីម្តងទៀត លោក ប៉ែន បូណា បានគូសបញ្ជាក់បន្ថែមថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចព្រមព្រៀងឈប់បាញ់គ្នានោះមានតម្លៃណាស់ដែលត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព ព្រោះវាមិនមែនរក្សាតែសុខសន្តិភាពរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដើម្បីធានានិរន្តភាពនៃសុខសន្តិភាពក្នុងតំបន់ឱ្យបានយូអង្វែងផងដែរ»៕

