
ភ្នំពេញ៖ យោងតាមលទ្ធផលនៃកិច្ចប្រជុំថ្នាក់កម្រិតមេបញ្ជាការយោធភូមិភាគ នៃប្រទេសទាំងពីរកម្ពុជា និងថៃ ពេញមួយថ្ងៃនេះ បន្ទាប់ពីមានបទឈប់បាញ់បន្ទាន់ ដោយគ្មានលក្ខខណ្ឌ បានបង្ហាញថា ទាំងកម្ពុជា និងថៃមានជំហរឯកភាពលើចំណុចល្អប្រសើរច្រើន ដែលកាត់បន្ថយភាពតានតឹងនៃការប្រឈមមុខដាក់គ្នាដោយអាវុធ និងអាចឈានឆ្ពោះទៅរកសន្តិភាពឡើងវិញនៃប្រទេសទាំងពីរ។
នេះបើយោងតាមលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងក្នុងការផ្សាយផ្ទាល់ពិសេស សេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា នៅវេលាម៉ោង០៩ព្រឹក មេបញ្ជាយោធភូមិភាគទី៤ របស់កម្ពុជាជាមួយយោធភូមិភាគទី១ថៃ នៅក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមេភូមិភាគទាំងពីរបានយលព្រមទទួលយកបទឈប់បាញ់បន្ទាន់ ឈប់បង្កើតកថទ័ព ជៀសវាងការប្រឈមមុខដាក់គ្នា ឈប់បង្កើនភាពតានតឹង ដោយភ្ជាប់ទំនាក់ទំនង និងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ប្រសិនមានអ្វីក្រៅពីនេះឆ្លងយោបល់ថ្នាក់លើ ដើម្បីដោះបញ្ហាជាបន្ទាន់ ដោយបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំនោះផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ បានបញ្ជាក់ថា៖ «ចំពោះចំណុចសំខាន់ៗផ្សេងៗទៀតភាគីទាំងពីរនឹងលើកយកទៅពិភាក្សាគ្នាក្នុងកិច្ចប្រជុំ JBC នាពេលខាងមុខ»។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ បានបន្ថែមថា៖ «យោធភូមិភាគទី៥ ក៏មានការជួបប្រជុំគ្នា នារសៀលថ្ងៃអង្គារ៍នេះ នៅផ្សារព្រំ ក្រុង-ខេត្តប៉ៃលិន ជាមួយមយោធភូមិភាគទី២ថៃ និងយោធភូមិទី៤កម្ពុជា ជួបជាមួយយោធភូមិភាគទី២ថៃ បានជួបគ្នានៅច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តមានជ័យ»។
ក្នុងជួបរវាងមេបញ្ជាការយោធភូមិភាគនោះ លោកឧត្តមសេនីយ៍ទោ ប៊ុនស៊ិន ផាតក្លាង មេបញ្ជាការភូមិភាគទី២ថៃ បានលើកឡើងថា៖ ថ្ងៃនេះ ភាគីទាំងពីរបានជួបគ្នាក្នុងកម្រិតយោធភូមិភាគ គឺ ទី១៖ ជាកម្រិតគ្មានមានសិទ្ធសម្រេចគ្រប់កិច្ចការហួសពីដែនសមត្ថកិច្ចនោះទេ, ទី២៖ ក្រោយកើតមានព្រឹត្តិការណ៍ក៏មានការលើកឡើងលើបណ្តាញសង្គមជាច្រើន ដែលធ្វើឱ្យមានការយល់ច្រឡំនឹងគ្នាទាំងសងខាង និង ទី៣៖ សម្តែងការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បតិត្ត បាត់បង់អាយុជជីវិត និងជួបការលំបាកទាំងសងខាង។
ចំណែកភាគីកម្ពុជាយើងវិញ មេបញ្ជាការភូមិភាគទី៤ ក៏បានថ្លែងចំណុចមួយចំនួន រួមមាន ទី១៖ ត្រូវអនុវត្តនូវបទឈប់បាញ់នៅនឹងកន្លែងតាមកិច្ចព្រមព្រៀងដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរដែលបានសម្រេច និងឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី, ទី២៖ មិនត្រូវធ្វើការចល័តទ័ព និងគ្រឿងសព្វាវុធ ទី៣៖ ចំពោះបងប្អូនកងកម្លាំងកម្ពុជាដែលមានជំងឺ រងរបួសត្រូវដឹកបញ្ជូនទៅព្យាបាលជំងឺ គីភាគីថៃមិនត្រូវភ័ន្តច្រឡំ ឬបាញ់មកលើកម្ពុជាទេ ត្រូវសួរនាំព័ត៌មានគ្នាឱ្យបានច្បាស់លាស់ និងជូនដំណឹងជាមុនសិន និង ទី៤៖ ស្នើសុំកុំឱ្យភាគីថៃ ដើរចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពជា ហើយកម្ពុជាគោរពនូវបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ចាប់តាំងពីចូលជាធរមាន និងស្នើឱ្យភាគីថៃ គោរពឱ្យមានដូចគ្នានឹងកម្ពុជា និងដោះស្រាយបន្ទាន់ចំពោះករណីដែីបានជជែកគ្នា។ មេយោធាភូមិភាគទី២ថៃ ឆ្លើយតបថានឹងដោះស្រាយបញ្ហានេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាបង្កើតក្រុមទំនាក់ទំនងដែលភាគីម្ខាងៗមានគ្នា ចំនួន ០៤រូប ដើម្បីដោះស្រាយភ្លាមៗនូវបញ្ហាដែលបានកើតឡើង»។
ដោយឡែកយោធភូមិភាគទី៣កម្ពុជា និងបញ្ជាការដ្ឋានព្រំដែនខេត្តច័ខន្ទបូរី និងត្រាត ធ្វើឡើងតាមរយៈប្រព័ន្ធ ZOOM នាវេលាម៉ោង៩ព្រឹកភាគីទាំងពីររក្សាទំនាក់ទំនងបានល្អប្រសើរ ភាគីថៃលើកឡើងរួមមាន ទី១៖ ដោយឯកភាពមិនត្រូវបង្កើនកម្លាំងលើសពីកម្រិតមាននាពេលបច្ចុប្បន្ន ត្រូវបង្កើនអាវុធជំនួយ មិនចូលបន្ថែមជិតព្រំដែន និងមិនបង្កភាពតានតឹងជាមួយគ្នាឡើយ, ទី២៖ តំបន់ដែលមិនទាន់មានភាពដាច់ស្រេចស្ថិតក្នុង MoU2000 ភាគីទាំងពីរបន្តចុះល្បាតពិនិត្យមើលបាន ប៉ុន្តែមិនសាងសង់សំណង់ផ្សេងៗនោះទេ ទី៣៖ ការបោសម្អាតមីននៅតំបន់ក្បែរតំបន់ព្រំដែនភាគីថៃអាចដំណើរការបានដោយមិនមានការរារាំងណាមួយ។
ជាការឆ្លើយតបភាគីថៃ មេបញ្ជាការភូមិភាគទី៣កម្ពុជា បានលើកឡើងថា «ភាគីកម្ពុជាចង់បានសុខសន្តិភាព ឱ្យប្រជាជនទាំងសងខាងរស់នៅប្រកបដោយសេចក្តីសុខ និងមានការអភិវឌ្ឍន៍តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ»។ ចំពោះការលើកឡើងចំណុចខាងលើរបស់ភាគីថៃ កម្ពុជាឆ្លើយដូចតទៅ ទី១៖ ស្នើឱ្យភាគីទាំងពីររក្សាស្ថានភាពដូចមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ទី២៖, មិនត្រូវបង្កើនកម្លាំងយោធានៅតាមបណ្តោយព្រំដែន ទី៣៖ មិនត្រូវបង្កើនសព្វាវុធតាមបណ្តោយព្រំដែន។ ចំពោះការស្នើចុះល្បាតតាមចំណុចដែលមិនទានមានការឯកភាពគ្នាមានក្នុង MoU2000 និងការបោសសម្អាតមីននៅក្បែរព្រំដែនភាគីទាំងពីរចាំលទ្ធកិច្ចប្រជុំ JBC នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនៃក្រសួងការពារជាតិប្រទេសទាំងពីរ សម្រេចបានយ៉ាងណា គឺភាគីទាំងពីរនឹងអនុវត្តតាមលទ្ធផលនោះ។
អ្នកនាំពាក្យបញ្ជាក់ថា៖ «ភាគីទាំងពីរបានឯកភាពគ្នាចំពោះការកំណត់ព្រំដែនរងចាំលទ្ធផលកិច្ចប្រជុំ JBC រក្សាមិនបង្កើនកម្លាំងទ័ព និងសព្វាវុធ ចំពោះការចុះល្បាតតាមតំបន់ដែលមិនទាន់ឯកភាពមានក្នុង MoU2000 ស្នើទៅ JBC ជាអ្នកសម្រេច»៕


